(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ភ្ជាប់ជាមួយឧបករណ៍សម្ភារៈ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានចុះជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។
ក្នុងប្រតិបត្តិការនេះដែរ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាននាំយកអំណោយស័ង្កសី របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានចុះជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ សរុបចំនួន១៧ខ្នង ខូចធ្ងន់ចំនួន៤ខ្នង ក្នុងចំណោមផ្ទះរងគ្រោះចំនួន៥១ខ្នង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់អំណោយស័ង្កសី រក្សាទុកនៅទីបញ្ចាការកងពល សម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។
នាឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងសូមឱ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី មានសុខភាពល្អបរិបូណ៌ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕