(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរខួប២៤ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន (១៥ មថិុនា ១៩៩៨-១៥ មិថុនា ២០២២)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីបម្រើការងារនៅក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានវាយតម្លៃថា ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះសម្រាប់កាវកសាងនីតិរដ្ឋ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិក្នុងនាមជាស្ថាប័នកំពូល ឯករាជ្យ និងអព្យាក្រិត។
បើតាមលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ស មិទ្ធផលការងារដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានរយៈពេល ២៤ឆ្នាំមកនេះរួមមាន៖ ថ្វាយមតិព្រះមហាក្សត្រ ចំនួន ១៤ករណី, បកស្រាយរដ្ឋធម្មនុញ្ញ ចំនួន ១១ករណី, បកស្រាយច្បាប់ ចំនួន ១០ករណី, ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ចំនួន ៩៧ករណី, ពិនិត្យ និងសម្រេចលើករណីវិវាទកម្មទាក់ទងការបោះឆ្នោត សរុបចំនួន ២៨៩សំណុំរឿង (ចេញសេចក្តីសម្រេច និងសេចក្តីជូនដំណឹងចំនួន១៤៤) រួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ៤នីតិកាល (នីតិកាលទី១ ឆ្នាំ១៩៩៩ ពុំមានការបោះឆ្នោតទេ ចំណែកនីតិកាលទី៤ ឆ្នាំ២០១៨ គ្មានបណ្ដឹង) និងវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្តចំនួន ៦នីតិកាល (នីតិកាលទី១ឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់)។ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទទួល និងពិនិត្យបណ្ដឹងចំនួន ៥២ករណី ដែលមិនចូលសមត្ថកិច្ច ដោយធ្វើការសម្រេចត្រឹមការចេញសេចក្តីជូនដំណឹងចំពោះសំណើ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ គឺភាគច្រើននៃសេចក្ដីសម្រេចមានចរិតជាយុត្តិសាស្ត្រសំខាន់ៗដែលទាក់ទងទៅនឹងគោលការណ៍ច្បាប់ (décision de principe) ដែលបានរួមចំណែកដល់ការការពារសិទ្ធិសេរីភាពជាសារវន្ត, ធានាការគោរពគោលការណ៍នីតិរដ្ឋ, ធានាការគោលការណ៍អធិបតេយ្យ សន្តិសុខជាតិ និងគុណតម្លៃសង្គម។
ក្រៅតែពីសមិទ្ធផលខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានផ្តួចផ្តើមគំនិតរិះរកវិធីដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងមជ្ឈដ្ឋានសាធារណៈ ពិសេសក្នុងស្រទាប់យុវជន តាមរយៈការបញ្ចូលការសិក្សាអំពីរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា។ ការផ្ដួចផ្តើមគំនិតនេះ បានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងបានឈានទៅដល់ការចុះអនុស្សរណៈនៃការព្រមព្រៀង រវាងក្រុមប្រឹក្សាធម្មនុញ្ ញនិង ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សា កម្រិតបឋមសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលជាយន្តការមួយដ៏មានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយក្នុងការពង្រឹងពង្រីកការយល់ដឹងអំពីរដ្ឋធម្មនុញ្ញក្នុងមជ្ឈដ្ឋានសាធារណៈ។
បច្ចុប្បន្ន គណៈកម្មការចម្រុះនៃស្ថាប័នទាំងពីរ បានរៀបចំខ្លឹមសាររួចរាល់ហើយ និងគ្រោងបោះពុម្ពនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ហើយការងារបន្ត គឺការបណ្តុះបណ្តាលគ្រូ ដែលត្រូវបង្រៀនមុខវិជ្ជានេះ ដូច្នេះក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ បាននិងកំពុងរៀបចំខ្លឹមសារបណ្តុះបណ្ដាលនេះ ឱ្យសម្រេចបានជាស្ថាពរ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ដើម្បីបន្តកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាបង្កើននូវស្មារតីសាមគ្គីភាពជាធ្លុងមួយនៅក្នុងស្ថាប័ននោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានអំពាវនាវដល់អ្នកបម្រើការងារនៅក្រុមប្រឹក្សាធម្មនុញ្ញ បន្តប្រកាន់ខ្ជាប់ និងគោរពនូវគុណតម្លៃសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ (គោរពនីតិរដ្ឋ ការពារឯករាជ្យភាព អនុវត្តអព្យាក្រឹត្យភាព) សម្រាប់អនុវត្តក្នុងពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង ដើម្បីបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្តមរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ជាពិសេសការត្រៀមបំពេញការងារ ដែលជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ រួមមានការដោះស្រាយវិវាទកម្មពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅខែកក្កដា ឆ្នាំ២០២៣ ពេលខាងមុខនេះជាអាទិ៍ ឱ្យទទួលបានជោគជ័យ៕