(រតនគិរី)៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីជាង១០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ដើម្បីជាការរំព្ញកដឹងគុណចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានពលិកម្មសព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមអធិបតី ភាពលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី។
ឧត្តមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី បានលើកឡើងថា ទិវាអតីតយុទ្ធជនកម្ពុជា របស់សមាគមអតីតយុទ្ធជនកម្ពុជា ធ្វើឡើងក្នុងគោលបំណង រំលឹកអំពីវីរភាពនិងផ្តល់កិត្តិយសឲ្យសាកសមនឹងគុណបំណាច់របស់អតីតយុទ្ធជនមានចំពោះជាតិមាតុភូមិ និងប្រជាជន និងជាការផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនអតីតយុទ្ធជននិងជនរួមជាតិទាំងអស់។
ឧត្តមសេនីយ៍ទោ ខាំ ស៊ុក បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរីមានអតីតយុទ្ធជនចំនួន ៥៧៥នាក់ ក្នុងនោះមានយោធិនពិការ ៦៧នាក់, យោធិនចូលនិវត្តចំនួន២៧៣នាក់, យោធិនបាត់បង់ចំនួន ២នាក់, គ្រួសារពលី ៩៣ នាក់ និងគ្រួសារមរណៈ ៤០នាក់។
លោក ញ៉ែម សំអឿន បានឡើងអានសាររបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានខ្លឹមសារថា ទិវាអតីតយុទ្ធជនកម្ពុជា បានប្រាព្ធធ្វើឡើងដើម្បីរំព្ញកនូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជនយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋជាទីស្នេហានៃយើង ដែលបានពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋរបស់យើង នៅគ្រប់តំណាក់កាលនៃប្រវត្តិសាស្រ្ត គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
ក្នុងឱកាសនេះលោក ញ៉ែម សំអឿន ក៏បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន ដែលសម្តេចទាំងទ្វេ តែងតែមានការនឹករលឹក និងគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជានិច្ច ដែលបងប្អូនមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ និងមាតុភូមិ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា ក៏បាននៅតែបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហា ជីវភាពរស់នៅ ការជួយកសាងផ្ទះ ផ្តល់ជូនដីធ្លី ចំពោះបងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ និងគ្មានលទ្ធភាព។
លោកក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិសភាព ស្ថិរភាពនិងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខថែមទៀត។ នៅក្នុងឱកាសនោះគណៈអធិបតីបានចែកជូនដល់សមាជិកអតីតយុទ្ធជនដែលបានចូលរួមទាំងអស់ក្នុងម្នាក់ៗ ថវិកា៥មុឺនរៀល, សារ៉ុង១និងម៉ាស់ម្នាក់១ដុំផងដែ៕