(ភ្នំពេញ)៖ លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានទូរស័ព្ទសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) និងអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាលើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ។
នៅក្នុងកិច្ចសន្ទនានេះ លោក ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានប្រារព្វខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានជោគជ័យ បើកដំណើរការប្រទេសពេញលេញឡើងវិញ ព្រមទាំងស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរឆាប់រហ័ស។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ង្វៀន ភូជុង ដែលបានទូរស័ព្ទដោយផ្ទាល់មកកាន់សម្តេច ពិសេសការចូលរួមអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមរយៈកិច្ចសន្ទនាគ្នានេះ សម្តេចតេជោ បានសំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ធ្វើឱ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវគំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។
នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលជាង ៣០នាទី សម្តេចតេជោ និងលោក ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត៕