(ភ្នំពេញ)៖ យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី៣៧ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងប្រាក សាធារណរដ្ឋឆេក គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី១២ របស់ ICAPP និងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅឆ្នាំ២០២៤ ខាងមុខ តាមពេលវេលាសមស្រប។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មហាសន្និបាតលើកទី១២ របស់ ICAPP នឹងរៀបចំបញ្ចូលគ្នានូវវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ របស់ ICAPP រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤១ វេទិកាស្ត្រលើកទី៨ វេទិកាយុវជនលើកទី៧ វេទិកាសារព័ត៌មានលើកទី៦ កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចលើកទី២ និងកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការអន្តរ ទីក្រុងនិងការលើកកម្ពស់ទេសចរណ៍លើកទី៣។ កិច្ចប្រជុំទាំងអស់នេះ នឹងក្លាយជាព្រឹត្តិការណ៍នៃការជួបជុំមហា គ្រួសារគណបក្សនយោបាយនៅអាស៊ីមួយ នៅព្រះរាជាណាចក្រកម្ពុជា។
គណបក្សប្រជាជនកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបផងដែរថា កម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៦ របស់ ICAPP កាលពីខែធ្នូ ឆ្នាំ២០១០ នៅភ្នំពេញ និងកិច្ចប្រជុំលើកទី១ របស់ ACC កាលពីខែមករា ឆ្នាំ២០១៩ នៅសៀមរាប និងកិច្ចប្រជុំលើកទី២ របស់ ACC តាមប្រព័ន្ធអ៉ីនតាណែត កាលពីខែមីនា ឆ្នាំ២០២១។
ទន្ទឹមពេលជាមួយមហាសន្និបាតលើកទី៦ របស់ ICAPP តាមរយៈកិច្ចព្រមព្រៀងទីក្រុងភ្នំពេញ អង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាល-អាស៊ីប៉ាស៊ីហ្វិក (CAPDI) ត្រូវបានបង្កើតឡើងដែលក្នុងនោះសន្តិភាព ការអត់ឱន និងការផ្សះផ្សាគ្នា ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
CAPDI បានបោះឆ្នោតជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Fidel Ramos អតីតប្រធានាធិបតីហ្វីលីពិន ជាវីរៈប្រធាន លោក Yusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ជាប្រធាន និង ឯកឧត្តម Jose De Venecia ប្រធានស្ថាបនិកអង្គការ ICAPP,ជាប្រធានប្រតិបត្តិ៕