(សៀមរាប)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី «ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេស ការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិត» ។
លោកបន្តថា ឆ្នាំ២០២០ និង២០២១នេះ ពិភពលោកប្រឈមខ្លាំងទៅនឹងការដោះស្រាយបញ្ហាជាច្រើនដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាមសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោក ទាំងការរាតត្បាតជំងឺដ៏កាចសាហាវកូវីដ-១៩ គ្រោះធម្មជាតិ ដែលសុទ្ធតែជាកត្តាជំរុញឲ្យសេដ្ឋកិច្ចពិភពលោក កាន់តែដុនដាប រួមទាំងសេដ្ឋកិច្ចមហាអំណាចខ្លួនឯងផង ។
ទន្ទឹមនឹងផលប៉ះពាល់នេះ ភាពក្រីក្រ បានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អសម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងក្រុមជនទុច្ចរិតឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាកនេះ ។
លោកបន្ថែមថា «យើងពិតជាបានខំប្រឹងជម្នះឧបសគ្គទាំងឡាយ ដោយបានធ្វើការងារយ៉ាងសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយភាពប្រឈមតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពខ្លះ ត្រូវមានការខ្វះចន្លោះ ឆកល្វែង ឬមើលរំលង ដោយផ្អែកទៅលើការតម្រង់ទិសទៅលើអាទិភាពនៃបញ្ហាថ្មី និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់ ។ តែទោះបីជាយ៉ាងនេះក្តី បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឲ្យក្លាយជាភាពច្របូកច្របល់ ដោយផ្តេកផ្តួលទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថេរភាពនៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព» ។
ដើម្បីរួមចំណែកដល់ការវិលត្រឡប់ប្រកបដោយនិរន្តរភាពនៃពលករទេសន្តរប្រវេសន៍ និងអ្នករស់រានមានជីវិតនៅក្នុងតំបន់គោលដៅ លោក ញ៉ឹក វណ្ណារ៉ា បានលើកទឹកចិត្តស្នើដល់ លោក លោកស្រីទាំងអស់គ្នារួមចំណែកយ៉ាងសកម្មក្នុងការសិក្សា និងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក អំពីការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម សំដៅធានាបានការវិលត្រលប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាទូទាំងប្រទេស ៕