(សៀមរាប)៖ មជ្ឈមណ្ឌលខេមរសិក្សា សហការជាមួយបណ្ណាល័យ American Siem Reap រៀបចំពិព័រណ៍សៀវភៅ ឆ្នាំ២០២២រយៈពេល០១ថ្ងៃ ដើម្បីបណ្ដុះទម្លាប់នៃការអានក្នុងស្រទាប់យុវជនកម្ពុជា នៅខេត្តសៀមរាប។
ថ្លែងក្នុងការរៀបចំពិព័រណ៍សៀវភៅ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ អ្នកស្រី ឈរ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា បានលើកឡើងថា ដោយមើលឃើញពីទំនោររបស់យុវជននៅកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពួកគាត់ចាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមពិព័រណ៍សៀវភៅ ដូច្នេះហើយទើបផ្តួចផ្តើមកម្មវិធីនេះឡើង ដើម្បីឱ្យពួកគាត់ចូលរួមក្នុងការប្រមូលផ្តុំនៃអ្នកស្រឡាញ់សៀវភៅ ក៏ដូចជាអ្នកចូលចិត្តអានសៀវភៅ មកផ្តុំគ្នាធ្វើឱ្យគាត់មានគំនិត និងសកម្មភាពទាក់ទងនឹងសៀវភៅ។
អ្នកស្រីបន្តថា នេះជាលើកទីមួយដែលមជ្ឈមណ្ឌលខេមរសិក្សា រៀបចំកម្មវិធីនេះឡើង ហើយបន្ទាប់ពីឃើញសន្ទុះរបស់ប្អូនៗនិសិត្ស និងប្រជាពលរដ្ឋមានការចូលរួមច្រើន ធ្វើមជ្ឈមណ្ឌលខេមរសិក្សា និងដៃគូរៀបចំ នឹងបន្តធ្វើកម្មវិធីនេះទៀតនៅឆ្នាំក្រោយៗ និងមានរយៈពេលយូរជាងនេះ។
អ្នកស្រីបន្តថា ស្តង់ដែលមកចូលរួមនៅក្នុងពិធីតាំងពិព័រណ៍សៀវភៅមាន៣២ស្តង់ មានដូចជា អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ តាមបណ្ដាល័យសាធារណៈ និងតាមបណ្ដាល័យសកលវិទ្យាល័យផ្សេងៗ ព្រមទាំងមានការចូលរួមពីស្ថាប័នស្រាវជ្រាវនិងអប់រំនានា ដើម្បីបង្ហាញពីសេវាកម្មរបស់ពួកគេ។ ចំពោះកម្មវិធីតាំងពិព័រណ៍សៀវភៅបែងចែកជាពីរ គឺសកម្មភាពខាងក្រៅ និងសកម្មភាពនៅខាងក្នុង។ សកម្មភាពខាងក្រៅ តាមបណ្តាស្តង់ទាំង៣២ ចូលរួមបង្ហាញផលិតផល និងសេវាកម្មរបស់គាត់។ សកម្មភាពនៅខាងក្នុង គឺមានការចែករំលែកគន្លឹះទទួលបានអាហាររូបករណ៍ ពីនិសិត្សដែលពួកគាត់បានអាហាររូបករណ៍ទៅរៀននៅក្រៅប្រទេស និងក្នុងប្រទេស។ នៅពេលរសៀលមានការចូលរួមពីអ្នកឧកញ្ញា គួច ម៉េងលី ចែករំលែកគន្លឹះនៃការអាន ដើម្បីឲ្យប្អូនៗសិស្សនិសិត្យគាត់យល់ពីអត្ថប្រយោជន៍នៃការអានកាន់តែច្រើន។
ព្រះតេជគុណ ផល ឡី គង់នៅវត្តដំណាក់ ព្រះអង្គមានសង្ឃដីការថា ព្រះអង្គមានការសប្បាយរីករាយជាខ្លាំង ដោយឃើញយុវជនគ្រប់វ័យទាំងអស់ជាពិសេសប្អូនៗសិស្សានុសិស្សដែលមកពីតាមបណ្តារវិទ្យាល័យផ្សេងៗ និងនិស្សិតមកពីតាមសកលវិទ្យាល័យនានា ចូលរួមច្រើនកុះករក្នុងពិព័រណ៍សៀវភៅជាលើកដំបូងនៅខេត្តសៀមរាបនេះ។
ព្រះអង្គមានសង្ឃដីការទៀតថា ពិព័រណ៍នេះ មានសៀវភៅជាច្រើន ដោយនៅតាមស្តង់នីមួយៗមានដូចជា សៀវភៅប្រវត្តិសាស្រ្ត សៀវភៅសេដ្ឋកិច្ច សៀវភៅសិលាចារឹក និងមានសៀវភៅជាច្រើនទៀត ជាទុនសម្រាប់យុវជនបើចង់ខ្លាំងក្នុងការរៀនសូត្រ ត្រូវយកពេលវេលាអានឲ្យបានច្រើន ព្រោះការរៀននៅសាលាមិនអាចយល់គ្រប់បញ្ញានោះបានទេ គួរតែយកពេលវេលាអានឲ្យបានច្រើនទើបបានយល់ពីរឿងរ៉ាវនៅសង្គម ក៏ដូចជាពិភពលោកផងដែរ៕