(ភ្នំពេញ)៖ នៅក្នុងឱកាសសំណេះសំណាលជាមួយកុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ជាង៣០០នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា កាយឫទ្ធិនារីកម្ពុជា បានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃ និងការចូលរួមរបស់យុវតី កុមារីនៅក្នុងការអភិវឌ្ឍសង្គម។
លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ថា កុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា នឹងមានឱកាសទទួលបាននូវការឧបត្ថម្ភទាំងផ្នែកបញ្ញាស្មារតីសម្ភារៈ ចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។
លោកស្រី បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺបានផ្ដល់ឲ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។
លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា។
ក្នុងឱកាសនោះ លោក Scott Nisson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់កុមារីនៅក្នុងអង្គការ ដើម្បីឲ្យពួកគេមានការអភិវឌ្ឍខ្លួនបានល្អនៅក្នុងសង្គម។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារា កុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ព្យាបាល និងសកម្មភាពផ្សេងៗទៀត៕