(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមតំណាងសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីមិទ្ទិញអបអរសារទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (ថ្ងៃទី២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។
ការបំពេញទស្សនកិច្ចផ្លូវការនេះធ្វើឡើងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
មិទ្ទិញត្រូវបានធ្វើនៅសាលមហោស្រពក្រុងហាណូយ (Hanoi Opera House) ដែលមានការសម្តែងសិល្បមិត្តភាពកម្ពុជា-វៀតណាម និងចូលរួមដោយថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម និងអតីតជំនាញការវៀតណាម រួមជាមួយនិស្សិតកម្ពុជាដែលរៀននៅក្រុងហាណូយ។
ក្នុងឱកាសនោះ លោក ឡេ មិញខាយ (Le Minh Khai) ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថា ក្នុងនាមរដ្ឋាភិបាលវៀតណាម។ ដោយឡែកលោកស្រី ម៉ែន សំអន បានថ្លែងសុន្ទរកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងពីប្រវត្តិនៃមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការថែរក្សាចំណងមិត្តភាពដ៏ថ្លៃថ្លាមិនឲ្យបាត់បង់។
លោកស្រី ម៉ែន សំអន បានរំលឹកពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ដែលបានថ្លែងកាលពីថ្ងៃទី២០ មិថុនា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាពិសេសផ្តោតលើទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគមនិយម និងបង្រួបបង្រួមជាតិ។
នៅថ្ងៃដដែលនោះ គណៈប្រតិភូកម្ពុជាបានជួបសម្ដែងការគួរសមជាមួយលោក ង្វៀន ភូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ផាម មិញជិញ (Pham Minhg Chinh) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញខាយ ( Le Minh Khai) ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ ក្នុងពេលជួបជាមួយថ្នាក់ដឹកនាំវៀតណាមខាងលើ លោកស្រី ម៉ែន សំអន បានអបអរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់របស់វៀតណាម ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម។
ចំណែកថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពី និងកោតសរសើរកម្ពុជាដែលសម្រេចបានជោគជ័យក្នុងការកសាងប្រទេស ជាពិសេសជោគជ័យរបស់គណបក្សប្រជាជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងរយៈពេល៥៥ឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អ និងស្មោះត្រង់។ ប្រទេសទាំងពីរបានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផង ដោយសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានដោះស្រាយបញ្ហាព្រំដែនគោក តាមរយៈការបោះបង្គោលព្រំដែនគោកស្ទើរតែចប់សព្វគ្រប់ និងការថែរក្សា និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ប្រទេសនិងប្រជាជន៕