(ភ្នំពេញ)៖ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បានសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ហើយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងមូលនៅស្រុកឱរ៉ាល់ ជាពិសេសនៅឃុំតាសាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវដែលបានបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែតជាបេក្ខជននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។
លោក យឿន យឿត បានបន្តថា ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ជាផ្លូវការ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះស្ទើតែទាំងស្រុង ហើយសម្រាប់ឃុំតាសាល ស្រុកឱរ៉ាល់នេះបងប្អូនប្រជាពលរដ្ឋបានបន្តគាំទ្រគណបក្សប្រជាជនជានិច្ចដោយពួកគាត់បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងនោះ។
លោក យឿន យឿត បានបន្តទៀតថាលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅឃុំតាសាលផ្តល់ជូនដល់គណបក្សប្រជាជនកម្ពុជានេះ គឺជាទឡ្ហីករណ៍ដ៏សំខាន់មួយសម្រាប់មន្រ្តីគណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ជាពិសេសគឺនៅឃុំតាសាល ឱ្យខិតខំប្រឹងប្រែងទ្វេដងដើម្បីបម្រើដល់បងប្អូនឲ្យកាន់តែល្អ និងបន្តការពារសុខសន្តិភាព ស្ថិរភាពបន្តទៅមុខទៀត សក្តិសមនឹងជំនឿជឿជាក់ និងទំនុកចិត្តដែលបានផ្តល់ជូនតាមរយៈសន្លឹកឆ្នោតនាពេលនេះ៕