(ភ្នំពេញ)៖ ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌឺមៀ ពូទីន បានយល់ព្រមមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្រមណាមួយ នាពេលខាងមុខ តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ នេះបើតាមលោក កៅ គឹមហ៊ន រដ្ឋមន្រ្តីប្រតិភូអមនា យករដ្ឋមន្រ្តី ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ខណៈពេលសម្តេចតេជោ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក កៅ គឹមហ៊ន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបជាប្រវត្តិសាស្រ្តរវាងសម្តេចតេជោ ហ៊ុន សែន និង លោក ពូទីន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនោះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងប្រកបដោយភាពភាពស្និទ្ធស្នាល។
ក្នុងជំនួបជាប្រវត្តិសាស្រ្តនោះ លោក ពូទីន បានចាត់ទុកកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ជិតស្និទ្ធ និងគួរឲ្យជឿទុកចិត្ត។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់រុស្ស៊ីក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងទប់ទល់មិនឲ្យមានការ វិលត្រឡប់មកវិញនូវរបបខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន បានអរគុណខ្លាំងដល់ប្រទេសរុស្ស៊ី បានជួយគាំទ្រដល់របបរដ្ឋកម្ពុជា និងបានជួយយអភិវឌ្ឍន៍កម្ពុជា ក្នុងសម័យកាលមួយ ដែលកម្ពុជាត្រូវបានហ៊ុព័ទ្ធ និង គ្មានការគាំទ្រពីបណ្តាប្រទេសក្នុងប្លុកសេរី។
លោក កៅ គឹមហ៊ន បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលជាប្រវត្តិសាស្រ្តនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអញ្ជើញលោកប្រធានាធិបតី ពូទីន មកបំពេញទស្សនកិច្ចកិច្ចនៅកម្ពុជាផងដែរ។
ឆ្លើយតបការអញ្ជើញនេះ លោក ពូទីន បានយល់ព្រមមកបំពេញនៅកម្ពុជា តែរង់ចាំនូវពេលវេលាសមស្របណាមួយ។
សូមបញ្ជាក់ថា កម្ពុជា-រុស្ស៊ី បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅក្នុងឆ្នាំ១៩៥៦ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក Nikita Krushchev។ ទំនាក់ទំនងកម្ពុជា-រុស្ស៊ី បានរីកចម្រើនជាបន្តបន្ទាប់ តែត្រូវបានផ្អាកនៅឆ្នាំ១៩៧៥-១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយទំនាក់ទំនងនេះ ក៏បានភ្ជាប់មកវិញក្នុងសម័យរដ្ឋកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
រុស្ស៊ី បានក្លាយជាប្រទេសដ៏សំខាន់មួយជួយកសាង និងស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំធនធានមនុស្សនៅកម្ពុជា ក្នុងនោះមាននិស្សិតកម្ពុជាប្រមាណ ៨ពាន់នាក់ បានទទួលការអប់រំនៅរុស្ស៊ី ហើយនិស្សិតទាំងអស់នោះ ក៏បាននិងកំពុងបម្រើការងារ និងជាមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕