(ក្រចេះ)៖ លោក យក់ ប៊ុន ណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ជានាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី និងលោកស្រី Yuka Takahashi តំណាងអង្គការរសហព័ន្ធស្ត្រីដើម្បីសន្តិភាពពិភពលោក ហៅកាត់ថា WFWP នៅរសៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២២នេះ បានពិធីបញ្ចុះបឋមសិលាសាងសង់បណ្ណាល័យចំនួន២កន្លែង ដែលជាជំនួយរបស់អង្គការ WFWP នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ពិធីបញ្ចុះបឋមសិលាសាងសង់បណ្ណាល័យនេះ ធ្វើនៅសាលារៀនគោលាប់ ឃុំគោលាប់ និងសាលារៀនអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ដោយមានការចូលរួមពីលោក យិន វណ្ណ: អភិបាលស្រុក លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។
លោក យក់ ប៊ុនណា បានលើកឡើងថា បណ្ណាល័យគឺជាប្រភពឯកសារ ជាកន្លែងផ្តល់ចំណេះដឹង ជាឃ្លាំងចំណេះ ជាកន្លែងសិក្សាស្រាវជ្រាវ ជាកន្លែងអានសៀវភៅដ៏សម្បូរបែប និងជាកន្លែងដែលផ្តល់ភោគទ្រព្យសម្រាប់ជីវិតគ្រប់គ្នា។ ដូច្នេះសូមសិស្សានុសិស្សត្រូវខិតខំសិក្សាស្រាវជ្រាវ ក្រេបយកចំណេះដឹងទូទៅទាំងនោះ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏សំបូរបែប និងដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ សង្គម និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនឈានទៅមុខបន្តទៀតនាពេលអនាគត។
លោកបានបញ្ជាក់ទៀតថា សំណាងពឹងចំណេះ ប្រាជ្ញាចេះពឹងគម្ពីរ វិជ្ជាជាទ្រព្យប្រសើរក្រៃពេក ចំណេះដឹងគឺជាឃ្លាំងទ្រព្យដែលអាចចាយមួយជីវិត។ លោកក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ត្រូវឧស្សាហ៍ព្យាយាមអានសៀវភៅ សិក្សាស្រាវជ្រាវមេរៀនថ្មីៗឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែពូកែឡើងជាជាងយកពេលវេលាទៅលេងទូរស័ព្ទ ព្រោះវាអាចបង្អាក់ដល់ការសិក្សារបស់ក្មួយ និងខាត់បង់ពេលវេលា ធ្វើឲ្យការសិក្សាអន់ថយ ដូច្នេះត្រូវប្រើពេលវេលាឲ្យមានតម្លៃ។
លោកបានបញ្ជាក់ថា គម្រោងសាងសងបណ្ណាល័យទាំង២កន្លែងនេះ គឺជាការសហការដៃគូរវាងសាលាភូមិន្ទរដ្ឋបាល និងអង្គការ WFWP ហើយក៏សូមថ្លែងអំណរគុណដល់អង្គការ WFWP ដែលជាម្ចាស់គម្រោង ដើម្បីអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋានឲ្យកាន់តែប្រសើ៕