(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តរបស់តារាចម្រៀង ខេម បុកជាមួយនឹងរថយន្ត Celica កាលពីយប់ថ្ងៃទី១៧ ខែឧសភាកន្លងទៅ បណ្ដាលឲ្យស្លាប់បុរសម្នាក់ គឺមានរយៈពេល៥ ថ្ងៃមកហើយ ប៉ុន្តែអ្វីដែលកំពុងតែទន្ទឹងរង់ចាំមើល ពីដំណោះស្រាយ ចំពោះក្រុមគ្រួសារជនរងគ្រោះនោះ ហាក់នៅមិនទាន់មានលទ្ធផលអ្វី ជាដុំកំភួន នៅឡើយទេ ខណៈដែលក្រុមគ្រួសារ ជនរងគ្រោះ កំពុងតែពិចារណាដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ប្រសិនបើគ្មានដំណោះស្រាយ សមរម្យណាមួយនោះ។
លោក លី ម៉ាត់លី ថ្លែងប្រាប់ Fresh News និង Khmer Talking តាមទូរស័ព្ទនៅមុខនេះបន្តិច នាថ្ងៃទី២១ ខែឧសភានេះថា រហូតមកដល់ពេលនេះ លោកមិនទាន់បានឃើញក្រុមគ្រួសារ របស់តារាចម្រៀង ខេម ចូលខ្លួនមករកដំណោះស្រាយ ករណីស្លាប់ប្អូនប្រុសរបស់លោកនៅឡើយទេ ខណៈដែលលោកបានផ្ញើសារទៅ និងទូរស័ព្ទ ប៉ុន្តែគ្មានការឆ្លើយតប។
លោក កាលី បាននិយាយថា «បាទ..! អត់ទេបង..! នៅទេ នៅមិនទាន់មានអ្នកមកដោះស្រាយទេ រហូតមកដល់ថ្ងៃនេះ ខ្ញុំកំពុងនៅមន្ទីរពេទ្យមើលកូនខ្ញុំឈឺ នៅឡើយ..! ហើយក៏អត់ទាន់មានខាងហ្នុង (គ្រួសារ ខេម) ទាក់ទងមកដែរ»។
លោក ម៉ាត់ កាលី បានបន្តទៀតថា រយៈពេល២ ឬ៣ថ្ងៃនេះ ក្រុមគ្រួសាររបស់លោក បានរង់ចាំក្រុមគ្រួសារ របស់តារាចម្រៀង ខេម ចូលខ្លួនមក ដោះស្រាយគ្នាឲ្យបានចប់សព្វគ្រប់ លោកក៏មិនចង់វែងឆ្ងាយអ្វីដែរ ព្រោះបើបន្តឲ្យវែងឆ្ងាយ នាំឲ្យខាតពេលវេលា ហើយប្អូនប្រុសរបស់លោក ក៏មិនអាចមានជីវិតឡើងវិញដែរ។ ប៉ុន្តែប្រសិនបើក្រុមគ្រួសារ របស់តារាចម្រៀង ខេម នៅតែពន្យាពេល មិនព្រមចូលខ្លួនមកដោះស្រាយទេនោះ លោកនឹងមានវិធានការតាមច្បាប់ ពោលលោកនឹងប្ដឹងឡើងតុលាការតែម្ដង។
សូមបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត RANGE ROVER ពាក់ស្លាកលេខ 2X-9987 ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានអះអាងប្រាប់ Khmer Talking កាលពីរសៀលថ្ងៃទី១៨ ខែឧសភាកន្លងទៅថា តារាចម្រៀង ខេម របស់ផលិតកម្មថោន គឺជាអ្នកបើកបររថយន្ត RANGE ROVER និងស្ថិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់នេះ ហើយបានរត់គេចខ្លួនជាមួយស្រ្តីម្នាក់ ក្រោយកើតហេតុ។
សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ប្រាប់ទៀតថា បងប្អូនគ្រួសារ តារាចម្រៀង ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ នៃការសងសំណង មិនទាន់ត្រូវបានបង្ហើបឲ្យដឹង នៅឡើយនោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានជាលទ្ធផលផ្លែផ្កាអ្វីឡើយ ខណៈដែលដំណោះស្រាយ គឺមិនទាន់មាននោះទេ។
យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំសងខាង តែប៉ុណ្ណោះ៕