(បន្ទាយមានជ័យ)៖ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានសហការគ្នាចុះជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ ក្នុងនោះមានចំនួន៦២ខ្នងផ្ទះ។
ផ្ទះដែលរងគ្រោះទាំងនេះគឺដោយសារមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់មួយមេធំ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឱ្យផ្ទះខ្លះបាក់រលំ ខ្លះប៉ើងដំបូល តែហេតុការណ៍នេះមិនបានបង្កឲ្យពលរដ្ឋណាម្នាក់របួស ឬស្លាប់បាត់បង់ជីវិតឡើយ។
លុះដល់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញបញ្ជាឲ្យអាជ្ញាធរនិងកម្លាំងនគរបាលដឹកនាំដោយលោក ហ៊ុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នាំយកស័ង្កសីទៅចែកជូនដល់ពលរដ្ឋ និងជួយជួសជុលផ្ទះដែលត្រូវខ្យល់កន្ត្រាក់ទាំងនោះឲ្យបានទាន់ពេលវេលា ជៀសវាងមានភ្លៀងធ្លាក់បន្តទៀតនាំឲ្យពលរដ្ឋគ្មានជម្រក។
សូមបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្រុងសិរីសោភ័ណមានចំនួន៣សង្កាត់ គឺសង្កាត់ព្រះពន្លា សង្កាត់កំពង់ស្វាយ និងសង្កាត់ទឹកថ្លា
ហើយអាជ្ញាធរខេត្តនឹងរៀបចំជួសជុលបន្តទៀតនៅខាងមុខនេះ៕