(សៀមរាប)៖ ក្នុងខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះបង្រ្កាបបទល្មើសជលផលបាន២៥ករណី ក្នុងនោះមាន២៤ករណីត្រូវបានបំផ្លាញចោលនៅនឹងទីកន្លែង និង១ករណីទៀតបានបញ្ចូនទៅសាលាដំបូងខេត្ត ដែលជាករណីការកាប់គាស់ឈូសឆាយដីព្រៃលិចទឹក។
របាយការណ៍ខាងលើនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំស្ដីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផលក្នុងភូមិសាស្ត្រខេត្តសៀមរាបប្រចាំខែ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រោមវត្តមានលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាពេលនោះ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមយុទ្ធ បានបង្ហាញអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទក្នុងខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះក្រុមការងារចម្រុះដែលមានខណ្ឌរដ្ឋបាលជលផល ក្រុមការងារពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្រុង/ស្រុក បានសហការគ្នាចុះបង្ក្រាបបទល្មើសជលផលចំនួន២៥ករណី ក្នុងនោះមាន២៤ករណីបំផ្លាញចោលនៅនឹងទីកន្លែង និង១ករណីបានបញ្ចូនមកសាលាដំបូងខេត្ត ដែលជាករណីការកាប់គាស់រានឈូសឆាយដីព្រៃលិចទឹក។
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងបឹងទន្លេសាប ក្នុងគោលបំណងគ្រប់គ្រងនិងប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃច្បាប់ស្តីពីជលផល និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋលេខាធិការ ណៅ ធួក បានលើកឡើងថា ដើម្បីបង្កើនកិច្ចសហការជាមួយគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ គណៈបញ្ជាការឯកភាពក្រុង/ស្រុក និងស្ថាប័នអយ្យការសាលាដំបូងខេត្តត្រូវតែបន្តយកចិត្តទុកដាក់ និងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការគ្រប់គ្រងវិស័យជលផលដល់ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះបានណែនាំទៀតថា ក្រុមការងារត្រូវតាមដានស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលឲ្យទាន់ពេលវេលាបន្តទៀត។
លោករដ្ឋលេខាធិការក៏បានវាយតម្លៃថា ផ្អែកតាមសកម្មភាពខាងលើនេះ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ព្រមទាំងក្រុមការងារពិនិត្យស្រាវជ្រាវបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពិតជាអាចសម្រេចបាននូវការទប់ស្កាត់បទល្មើសជលផល តាមរយៈមូលដ្ឋាននេសាទក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាទីបំផុត៕