(ស្វាយរៀង)៖ លោកស្រី ម៉ែន សំន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើដល់ប្រធាន-សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅខេត្តស្វាយរៀង ត្រូវប្រព្រឹត្តអំពើល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន ធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋាន។
ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី ម៉ែន សំអន បានថ្លែងថា ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ទាំងអស់គ្នាត្រូវប្រឹងប្រែងបន្ថែមទៀតទ្វេដង និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍភូមិ ឃុំ-សង្កាត់ ស្រុក-ក្រុង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការប្រព្រឹត្តនូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងគ្រប់បញ្ហានៃការលំបាកជូនប្រជាពលរដ្ឋ ការផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋាន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រីអនុប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្ត ក្រុង ឃុំ-សង្កាត់ និងអាជ្ញាធរមូលដ្ឋាននៃខេត្តស្វាយរៀង ដែលកន្លងមកបានសហការគ្នាយ៉ាងល្អខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន។
លោកស្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ៨០ឃុំ-សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។
ជាមួយគ្នានេះ លោកស្រីបានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដល់គណបក្សទូទាំងខេត្ត ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខឱ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។
លោកស្រីបានបញ្ជាក់ថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិទី៥នេះ គឺជាសក្ខីភាពដែលបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយការជឿទុកចិត្តគោរពស្រឡាញ់ និងផ្ញើរជោគវាសនារបស់ខ្លួនលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សាសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ខេត្តស្វាយរៀងទទួលបាន៖
* ប្រជាជនមានឈ្មោះក្នុងបញ្ជីសរុប៣៩១,៦២២នាក់ បានមកបោះឆ្នោតសរុប៣៣៤,៣៧៧នាក់ ស្មើនឹង ៨៥.៣៨%
* សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបាន២៤៥,១៦៤សំឡេង ទទួលបានអាសនៈ៤១៨អាសនៈ ស្មើនឹង ៨០.៦៩%
* បានទទួលជាំមេឃុំ ចៅសង្កាត់៨០ឃុំ-សង្កាត់ទូទាំងខេត្ត
* បានទទួលជាជំទប់ទី១ ចៅសង្កាត់រងទី១ ទាំង៨០ឃុំ-សង្កាត់
* បានទទួលជាជំទប់ទី២ ចៅសង្កាត់រងទី២ ចំនួន១៤ឃុំ-សង្កាត់
* គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ចំនួន១៤ឃុំ/សង្កាត់ រួមមាន៖ ឃុំបន្ទាយក្រាំង ឃុំព្រះពន្លាឃុំព្រៃធំ ឃុំរាជមន្ទីរ ឃុំសំយ៉ោង ឃុំថ្មី ស្រុកកំពង់រោទិ៍ ឃុំសង្កែ ស្រុករំដួល ឃុំអំពិល និងឃុំត្រស់ស្រុករមាសហែក ឃុំព្រៃតាអី ស្រុកស្វាយទាប សង្កាត់ស្វាយតឿ សង្កាត់ព្រៃឆ្លាក់ សង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ៕