(ស្វាយរៀង)៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានទទួលការតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិចចំនួន១គ្រឿង ក្នុងចំណោមចំនួន១១គ្រឿង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលក្រោមជំនួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈផ្នែកសន្តិសុខនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ការជួញដូរសព្វាវុធខុសច្បាប់ គ្រឿងញៀន និងសារធាតុញៀន ដើម្បីចូលរួមចំណែករក្សានូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ ជាពិសេសសម្រាប់កិច្ចប្រជុំអាស៊ានលើកទី៤០ ក្នុងឆ្នាំ២០២២នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការដំឡើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិចនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នេះ គឺក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រោមការដឹកនាំក្រុមការងារដោយ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារគ្រប់គ្រងម៉ាស៊ីនស្កេនកាំរស្មីអ៉ិច។

លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅ និងការអនុវត្តការងារប្រចាំថ្ងៃរបស់ប៉ុស្តិ៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានធ្វើការឧបត្ថម្ភសម្ភារបច្ចេកទេស ដែលនឹងរួមចំណែកធានាឱ្យបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ តាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាចរន្តចេញចូលដ៏សំខាន់មួយរបស់ជាតិ។

បន្ថែមពីនេះផងដែរលោកឧត្តមសេនីយ៍ត្រីក៏បានបញ្ជាក់ជូនផងដែរថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នឹងបន្តធានាឱ្យបានចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តភារកិច្ចក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃឱ្យបានខ្ជាប់ខ្ជួន។

គួរជម្រាបថា ម៉ាស៊ីនស្កេននេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយពេលដំឡើងរួច ស្របទៅតាមមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕