(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានដាក់ចេញការណែនាំចំនួន៦ចំណុច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងឲ្យប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធយល់កាន់តែច្បាស់អំពីការងារនេះ ព្រមទាំងចូលរួមអនុវត្តឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់។
* ទី១៖ ពាក់ព័ន្ធនឹងការចលនាឲ្យប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល ចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាមានសារៈសំខាន់ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននិងកំពុងកើត មាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ពួកគាត់ ហើយការចូលរួម របស់ពួកគាត់ អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ទៅបានរលូន ចំបញ្ហា និងមាន ប្រសិទ្ធភាពខ្ពស់។
ហេតុនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងអស់ត្រូវ ពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការ ជាមួយពួកគាត់រាល់ថ្ងៃ ឲ្យយកចិត្តទុកដាក់ និងធ្វើសកម្មភាពឱ្យកាន់តែសកម្ម និងឱ្យបានជាប់ជា ប្រចាំថែមទៀត ដើម្បីលើកកម្ពស់ការចលនាឲ្យកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យបងប្អូន ប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល ចូលរួមឱ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ/ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ចូលរួមក្នុងសកម្មភាព ផ្សព្វផ្សាយអប់រំឱ្យមានការយល់ ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាចូលរួមក្នុងការលើកទឹកចិត្ត និងជំរុញ កូនចៅដែលជាអ្នកប្រើប្រាស់ ឬញៀនគ្រឿងញៀន ឲ្យបញ្ឈប់ការប្រើប្រាស់ ឬឱ្យទៅទទួលយក សេវាព្យាបាល និងស្តារនីតិសម្បទា។
* ទី២៖ ចំពោះសកម្មភាពអប់រំផ្សព្វផ្សាយ កន្លងមក ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង និងរកវិធីសាស្រ្តគ្រប់ បែបយ៉ាង ដើម្បីបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដូចអ្វីដែលសម្ដេចបានជម្រាបជូនមុននេះ ប៉ុន្តែសម្រាប់ពេលខាងមុខ សម្ដេចស្នើសុំក្រសួង ស្ថាប័ន អង្គភាព ក៏ដូចជា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បន្តខិតខំប្រឹងប្រែងឲ្យបានកាន់តែសកម្ម ឲ្យបានគ្រប់ទីកន្លែង និងឲ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះ សម្ដេចក៏ស្នើសុំឲ្យមានការយកចិត្តទុកដាក់ និងរិះរកវិធីសាស្រ្តថ្មីៗ ព្រមទាំងរៀបចំខ្លឹមសារឲ្យកាន់តែស៊ីជម្រៅ ដែលអាចចូលទៅដល់ និងអាចគ្របដណ្តប់ទៅលើ ចិត្តសាស្រ្តក្រុមគោលដៅប្រឈមខ្ពស់ ក៏ដូចជាក្រុមគោលដៅដែលជាអ្នកប្រើប្រាស់ ឬអ្នកញៀន គ្រឿងញៀន ដើម្បីធ្វើយ៉ាងណាឲ្យពួកគេបានយល់ ទទួលយក និងអាចឈានទៅលុបបំបាត់ ភាពប្រឈម ក៏ដូចជាឈានទៅកាត់បន្ថយការប្រើប្រាស់ ឬធ្វើអោយពួកគាត់ភ្ញាក់រឮក និង ស្វែងរកសេវាគាំទ្រផ្សេងៗ ពិសេសស្វែងរកសេវាព្យាបាល និងស្តារនីតិសម្បទាឲ្យបានទាន់ពេលវេលា។
* ទី៣៖ ពាក់ព័ន្ធនឹងការពង្រឹងយន្តការជាប្រព័ន្ធពីថ្នាក់រាជធានី-ខេត្ត ដល់ថ្នាក់ក្រុង ខណ្ឌ ស្រុក និងឃុំ/សង្កាត់ គឺជាការងារចាំបាច់ និងត្រូវតែធ្វើឱ្យបាន ព្រោះថា បើគ្មានយន្តការត្រឹមត្រូវ និង ច្បាស់លាស់ទេនោះ ការដឹកនាំ គ្រប់គ្រង និងដូចជាការផ្តល់សេវាផ្សេងៗក៏មានការលំបាក និងពុំមានប្រសិទ្ធភាពដែរ។ នៅក្នុងសារលិខិតរបស់ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងពី ភាពចាំបាច់នៃយន្តការនេះ ក្នុងការផ្តល់កិច្ចសម្របសម្រួល ផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជំរុញ ឲ្យអ្នកញៀនគ្រឿងញៀននៅក្នុង សហគមន៍ ឬនៅក្នុងមូលដ្ឋានទៅទទួលយកការព្យាបាល និង ស្តារនីតិសម្បទានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ឬនៅតាមមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯកជន។
ការរៀបចំ និងពង្រឹងយន្តការនេះបានល្អ គឺមិនត្រឹមតែបានលើកកម្ពស់ការយកចិត្ត ទុកដាក់ ដូចមានរំលេចនៅក្នុងខ្លឹមសារនៃប្រធានបទ តាមរយៈការសម្របសម្រួល ការគាំទ្រ ការលើកទឹកចិត្ត និងជំរុញឲ្យមានការទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទា ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ក៏ដូចជាការជួញដូរគ្រឿងញៀន នៅក្នុងសហគមន៍ ឬនៅក្នុងមូលដ្ឋានផងដែរ ពិសេសការរៀបចំ និងពង្រឹងយន្តការបានល្អនឹង ជួយផ្តល់ការថែទាំបន្ត និងការពារការលាប់ទៅប្រើប្រាស់គ្រឿងញៀនឡើងវិញ នៅពេលពួកគេត្រូវបានធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ឬទៅក្នុងគ្រួសារវិញ។ ហេតុនេះ សូមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ និងចាត់ចែងឲ្យមានប្រសិទ្ធភាព ស្របតាមការណែនាំ របស់ សម្តេចនាយករដ្ឋមន្រ្តី។
* ទី៤៖ បន្ថែមលើការពង្រឹងយន្តការ ពិសេសយន្តការសម្រាប់ជួយផ្តល់ការសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំ និងតម្រង់ទិស ដូចជាការជួបប្រជុំ ការរៀបចំឯកសារគោលពាក់ព័ន្ធសំខាន់ៗ ការចុះតាមដាន និងវាយតម្លៃ។ល។ ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមជ្ឈមណ្ឌលជាតិមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ក៏ដូចជាការផ្តល់សេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរជាតិ។ល។ មានសុក្រឹត្យភាព និងមានប្រសិទ្ធភាព ពិសេសមានភាពជឿជាក់ ដែលអាចទាក់ទាញឱ្យអ្នកញៀនគ្រឿងញៀន ឬក្រុមគ្រួសារ ចង់មកទទួល ឬចង់បញ្ជូនកូនចៅ ឱ្យមក ទទួលការព្យាបាល និងស្តារនីតិសម្បទា។
ជាមួយគ្នានេះ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏គួរធ្វើការពិនិត្យ និងដោះស្រាយឲ្យបាន នូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបញ្ជូនអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលកន្លងមកនេះ ច្រើនមានការមើលបំណាំគ្នា ច្រើនលើកយកបញ្ហាច្បាប់ធ្វើជារនាំង ដែលបញ្ហានេះ គួរត្រូវបានសម្រួល ពិសេសគួរត្រូវបានលើកទឹកចិត្តតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យមូលដ្ឋានមានលទ្ធភាព ក្នុងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទាទាំងនៅតាម សហគមន៍ នៅតាមមណ្ឌល បណ្តោះអាសន្ន និងនៅមជ្ឈមណ្ឌលជាតិ។
* ទី៥៖ ពាក់ព័ន្ធនឹងបញ្ហាសារធាតុគីមីផ្សំ បញ្ហាសំខាន់ គឺនៅលើការគ្រប់គ្រង ដែលចំណុចនេះ សម្ដេចបានពិនិត្យ និងពិភាក្សាជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធសំខាន់ៗ ពិសេសក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងយុត្តិធម៌ ហើយបានឯកភាពស្នើសុំរាជរដ្ឋាភិបាល ដើម្បីបង្កើតគណៈកម្មាធិការ ឬក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំឲ្យមានក្របខណ្ឌច្បាប់ច្បាស់លាស់មួយសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការដឹកនាំគ្រប់គ្រងរាល់សកម្មភាព ដែលមានការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំ ធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាព និងនិរន្តរភាព នៃការផ្គត់ផ្គង់ សង្វាក់ផលិតកម្ម ឧស្សាហកម្មស្របច្បាប់ ហើយបង្ការ និងទប់ស្កាត់ឲ្យខាងតែបាននូវរាល់ ការប៉ុនប៉ងនានាដែលចង់បង្វែរសារធាតុគីមីផ្សំ ដើម្បីយកទៅផលិតគ្រឿងញៀនខុសច្បាប់។
* ទី៦៖ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កន្លងមក យើងមានយន្តការច្រើនដែល អាចជួយដល់ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ជួយពង្រឹងលើការបង្ការ និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ក្នុងនោះរួមមាន យន្តការអនុតំបន់ តំបន់ និងអន្តរជាតិ។ ដោយឡែក ជាមួយប្រទេសជិតខាង យើងក៏មានយន្តការ ច្រើនដែរ ក្នុងនោះរួមមានដូចជាយន្តការទ្វេរភាគីកម្ពុជាវៀត-ណាម កម្ពុជា-ឡាវ កម្ពុជា-ថៃ យន្តការត្រីភាគីកម្ពុជា-វៀតណាម-ឡាវ និងបណ្តាប្រទេសដែលមានការពាក់ព័ន្ធច្រើន ដូចជា យន្តការទ្វេភាគីកម្ពុជា-ចិន កម្ពុជា-រុស្ស៊ី។ល។
ដែលតាមរយៈយន្តការទាំងនោះ យើងមានគម្រោងរួមមួយចំនួនដែលអាចជួយយើងក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់ បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសបញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន និងបញ្ហា ដែលកើតឡើងនៅតាមតំបន់ព្រំដែន។ ហេតុនេះ សម្ដេចស្នើសុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ពិសេសក្នុងដំណាក់កាលដែលកម្ពុជាយើងទទួលតួនាទី ជាប្រធានអាស៊ានប្តូរវេណ សូមបង្កើនការយកចិត្តទុកដាក់ ពិនិត្យឡើងវិញ និងផ្តល់ការសម្រប សម្រួលឱ្យបានសមស្រប ដើម្បីឱ្យរាល់គម្រោងដែលមានកន្លងមក ដូចជាគម្រោងពង្រឹងការិ យាល័យទំនាក់ទំនងព្រំដែន (BLO) គម្រោងបង្ការ និង ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនរបស់ ការិយាល័យ យូ អិន អូ ឌី ស៊ី (UNODC) គម្រោងសុវត្ថិភាពមេគង្គ ផែនការភូមិសគ្មានគ្រឿង ញៀន។ល។ បានដំណើរការល្អ និងជួយពង្រឹងការងារពាក់ព័ន្ធ ពិសេសការផ្លាស់ប្តូររាល់ព័ត៌មាន ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន ដែលក្នុងនោះរួមទាំងបទល្មើសគ្រឿងញៀនផងដែរ៕