(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញការប្តេជ្ញាការពារព្រៃលិចទឹក និងស្នើចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលកាប់បំផ្លាញព្រៃលិចទឹកដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងពិធីដាំកូនកោងកាងឡើងវិញចំនួន៧០០០ដើម លើផ្ទៃដីព្រៃលិចទឹកជាង៧ហិតា ដែលបានរងការកាប់បំផ្លាញកន្លងមកស្ថិតនៅក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ អាជ្ញាធរបានបណ្តុះកូនកោងកាងចំនួន៥,៥០០ដើម និងបានដាំកោងកាងចំនួន៤,០០០ដើម លើផ្ទៃដីចំនួន៤.៥០ហិកតា នៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។
លោកបានបន្តថា រយៈពេល៦ខែដើមឆ្នាំ២០២២ អាជ្ញាធរបានបណ្តុះកោងកាងចំនួន៦០,៥០០ដើម និងបានដាំកោងកាងចំនួន៣,៦០០ដើម លើផ្ទៃដីចំនួន៥ហិកតា នៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។
ជាក់ស្ដែងក្នុងថ្ងៃនេះ ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចុះដាំកូនកោងកាងឡើងវិញចំនួន៧,០០០ដើមទៀត លើផ្ទៃដីចំនួន៧ហិកតា ដែលរងការកាប់បំផ្លាញនាពេលកន្លងមក។ មានជនខិលខូចមួយចំនួនបានលបលួចកាប់ទន្ទ្រានយកដីកាន់កាប់ផ្ទាល់ខ្លួន ហើយមន្ទីរកសិកម្មក៏បានជំរុញដល់រដ្ឋបាលជលផលបន្តបណ្តុះ និងបន្តដាំកូនកោងកាងឡើងវិញជាបន្តបន្ទាប់ផងដែរ។
លោក នេន ចំរើន បានបញ្ជាក់ទៀតថា មន្ទីរកសិកម្មខេត្តព្រះសីហនុក៏បានខិតខំការពារបង្រ្កាបទប់ស្កាត់បទល្មើសបំផ្លាញព្រៃកោងកាងនេះ ដើម្បីការពារព្រៃកោងកាងឱ្យបានគង់វង្សទុកជាប្រយោជន៍សាធារណៈ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានកត់សម្គាល់ថា ព្រៃកោងកាងមានសារសំខាន់ណាស់ត្រូវតែការពារឱ្យបាន ព្រោះវាជាជម្រកមច្ឆជាតិពងកូន ជាសម្បត្តិធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរ ជួយលើកកំពស់ជីវភាពដល់បងប្អូនកសិករក្រីក្រនៅក្នុងតំបន់ជាដើម។
លោកអភិបាលរងខេត្តបានស្នើឲ្យមន្ត្រីជំនាញរដ្ឋបាលជលផល និងអ្នកពាក់ពន្ឋ័ទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋានភូមិ/ឃុំត្រូវផ្តល់នូវការគាំទ្រ ការសហការ ដើម្បីថែរក្សាអភិរក្សឱ្យបានគង់វង្ស និងត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលកាប់បំផ្លាញព្រៃលិចទឹកដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន៕