(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញត្រីបបែលយក្ស ទម្ងន់ជាង៣០០គីឡូក្រាម នៅក្នុងទន្លេគង្គរបស់កម្ពុជា នាពេលថ្មីៗនេះ, លោក Zeb Hogan ជាជីវវិទូនៅសកលវិទ្យាល័យ Nevada ទីក្រុង Reno សហរដ្ឋអាមេរិក ដែលសិក្សាអំពីត្រីបានគូសបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវរបស់លោកជាច្រើនឆ្នាំ នៅតាមប្រទេសដងទន្លេមេគង្គ បានសន្និដ្ឋានថា កម្ពុជា គឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្ស ដែលកំពុងមានវត្តមាន។
ត្រង់ចំណុចនេះ លោកថា ទន្លេមេគង្គក្រោម នៅរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សធំជាងគេ លើពិភពលោក។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា «ត្រីបបែលយក្ស គឺជាប្រភេទត្រីដែលមិនចូលចិត្តរស់នៅតំបន់ដែលទឹកទន្លេមិនស្អាត ឬបំពុលនោះទេ»។
លោក Zeb Hogan ដែលបានចូលរួមក្នុងគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) បាននិយាយថា៖ «ខ្ញុំមិនធ្លាប់ដែលឃើញអ្វីដូចនេះនោះទេ នេះជាត្រីធំបំផុតមួយដែលខ្ញុំបានឃើញក្នុងរយៈពេលជាយូរមកនេះវាពិតជាសត្វដ៏អស្ចារ្យមួយ។ ខ្ញុំគិតថាវាបង្ហាញពីភាពគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានប្រទះឃើញនៅក្នុងគម្រោងផ្សេងៗស្តីពីទន្លេមេគង្គ»។
ដូចច្នេះ កម្ពុជារកឃើញត្រីបបែលយក្សធំជាងគេលើពិភពលោក បញ្ជាក់ឱ្យឃើញថាការកសាងទំនប់វារីអគ្គិសនី របស់ប្រទេសចិន ពុំបានប៉ះពាល់ដល់អេកូឡូស៊ីទន្លេមេគង្គក្រោមនោះទេ។
ត្រីបបែលយក្ស គឺជាប្រភេទត្រីម្យ៉ាងដែលចូលចិត្តរស់នៅតំបន់ទឹកទន្លេស្អាត និងទឹកទន្លេដែលមិនមានការបំពុលនោះទេ។ ស្ថិតក្នុងចំណោមប្រភេទពូជត្រីទឹកសាបទំហំធំៗបំផុត លើពិភពលោក គេឃើញមានត្រីបបែលយក្ស កំពុងមានវត្តមាននៅតាមបណ្តាប្រទេសដងទន្លេមេគង្គក្រោម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទម្ងន់ប្រមាណ៣០០គីឡូក្រាម ត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង ដែលជាដែនទឹកទន្លេមេគង្គ របស់ប្រទេសកម្ពុជា។
ត្រីបបែលយក្សដែលបាន រកឃើញនេះ មានទទឹង២ម៉ែត្រ និងប្រវែងពីក្បាលដល់ចុងកន្ទុយជិត ៤ម៉ែត្រ វាត្រូវបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ត្រីទឹកសាបធំបំផុតលើពិភពលោក។ ការរកឃើញត្រីបបែលយក្សនេះ ក៏បានបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ី នៅក្នុងដែនទឹកបណ្តាលប្រទេសទន្លេមេគង្គក្រោម ពុំបានរងផលប៉ះពាល់ដោយសារកត្តាផ្សេងៗ នៃកសាងទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើនោះទេ។ បច្ចុប្បន្នទន្លេមេគង្គក្រោម នៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ី យ៉ាងល្អប្រសើរ និងជាទីជម្រកយ៉ាងសុខសាន្ត របស់សត្វមឆ្ឆាគ្រប់ប្រភេទ។
ចាប់ពីប្រភពដើមនៅតំបន់ខ្ពង់រាបភាគខាងលិច ប្រទេសចិន រហូតដល់តំបន់ដីសណ្ដទន្លេមេគង្គ ជាប់សមុទ្រចិនខាងត្បូងទន្លេ មេគង្គ មានប្រវែងជាង៤,០០០គីឡូម៉ែត្រ និងហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេនេះ បានជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជាង៦០លាននាក់ ដែលរស់នៅតាមបណ្តោយផ្លូវទឹកមួយនេះ។
ការរកឃើញត្រីបបែលយក្សនេះ បញ្ជាក់ឱ្យឃើញថាការលើកឡើងទាំងនេះ គឺជាការរិះគន់ដោយគ្មានមូលដ្ឋាន និងការលើកឡើងដោយអវិជ្ជមាន។ ផ្ទុយទៅវិញទន្លេមេគង្គក្រោមនៅតែមាន លំហូរដោយសេរី មានគុណភាពល្អ និងនៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាហេតុធ្វើឱ្យមានវត្តមានរបស់ត្រីបបែលយក្ស និងប្រភេទត្រីធំៗដ៏កម្រផ្សេងទៀតផងដែរ។
ក្នុងនាមជាប្រទេសទន្លេមេគង្គលើ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកង្វល់ និងតម្រូវការរបស់បណ្តាប្រទេស នៅតំបន់ទន្លេមេគង្គក្រោម ហើយបានរក្សាទំនាក់ទំនងជិតស្និទ្ធ និងបានប្តេជ្ញាអនុវត្តន៍កិច្ចសហប្រតិបត្តិការធនធានទឹកជាមួយ ភាគីពាក់ព័ន្ធនៃប្រទេសទន្លេមេគង្គក្រោម ដូចជាការចែករំលែកព័ត៌មានជលសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះគ្រោះរាំងស្ងួតជាដើម៕