(កណ្តាល)៖ បុរសម្នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធ ២នាក់ជិះម៉ូតូម៉ាក SL មួយគ្រឿងភ្ជង់ហើយប្លន់យកម៉ូតូទៅបាត់ ស្ថិតនៅចំណុចស្ពានទី២៣ ឃុំស្វាយអន្ទា ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកទាបភ្លឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ខណ:ជនរងកំពុងជិះម៉ូតូ ដល់ចំណុចស្ពានទី២៣ ស្រាប់តែលេចមុខក្រុមចោរប្លន់ជិះម៉ូតូ SL មកភ្ជង់ ហើយជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់តែម្តង។
យ៉ាងណាក៏ដោយ សម្រាប់ករណីប្លន់ប្រដាប់អាវុធមួយនេះ ជនរងគ្រោះបានរួចពីគ្រោះថ្នាក់ ដោយសារតែក្រុមចោរមិនបានបាញ់ គ្រាន់តែភ្ជង់ប៉ុណ្ណោះ។
ក្រោយប្លន់ម៉ូតូរួចហើយ នៅព្រឹកថ្ងៃដដែលនេះ ជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំស្វាយអន្ទា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក។
សម្រាប់មុខសញ្ញាប្លន់ខាងលើនេះ ត្រូវបានសមត្ថកិច្ចអះអាងថា គឺជាក្រុមចោរដដែលៗ ដែលជិះម៉ូតូ SL សម្រាប់ធ្វើសកម្មភាពនាពេលកន្លងទៅ នៅក្នុងទឹកដីខេត្តកណ្តាល៕