(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសអំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
តាមសេចក្តីសម្រេចរបស់ គ.ជ.ប អំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននេះ បានឱ្យដឹងថា មានគណបក្សចំនួន៩ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់។ ចំណែកគណបក្សភ្លើងទៀនជាគណបក្សប្រឆាំង ទទួលបាន តំណែងមេឃុំចំនួន៤ ជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១៣៦០នាក់។
គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ (ជំទប់ទី១ ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់) គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ (ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ចំនួន១០នាក់) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន៥អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សយុវជនកម្ពុជាទទួលបាន៣អាសនៈ (ជំទប់ទី២ ចំនួន៣នាក់) គណបក្សកម្ពុជានិយមទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់)។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់។ ក្នុងនោះមានសំឡេងបានការចំនួន ៧,២៣៧,០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧,៣៩០នាក់៕