(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំសមាជិកសមាជិកាជាច្រើននាក់ គ្រប់ស្ថាប័ន រួមទាំងសប្បុរសជន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ចុះសំណេះសំណាលប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិកំលូត ភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៣០០គ្រួសារ។
អំណោយដែល លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានពាំនាំទៅចែកជូនប្រជាពលរដ្ឋ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២២គីឡូក្រាម, មី១កេះ, ទឹកត្រី៣ដប , ទឹកស៊ីអ៊ីវ៣ដប, នំ១កញ្ចប់ធំ, ក្រមា១ ក្នុងនោះ មាន លោកគ្រូ អ្នកគ្រូ ៩នាក់ ក្នុងម្នាក់ៗឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល និងសម្ភារសិក្សា១ឈុត។
ចំណែក សិស្សានុសិស្ស ចំនួន៣៤៤នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ១ក្បាល ប៉ិច១ ខ្មៅដៃ១ ជ័រលុប១ ថវិកាចំនួន៥ពាន់រៀល។
លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា ដល់វត្តចំនួន២ក្នុង១វត្តៗ ទទួលបានថវិកាចំនួន២០០.០០០រៀល ចំណែកមណ្ឌលសុខភាព ទទួលការឧបត្ថម្ភ ម៉ាស៊ីន ភ្លើងចំនួន១គ្រឿង។
ការសំណេះសំណាលនាថ្ងៃនេះ លោក ប៊ុន លើត អភិបាលខេត្ត បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំ ព្រមទាំងសមាជិកសមាជិកា មានសេចក្តីសោមនស្សរីករាយ បានមកសំណេះសំណាលជាមួយបងប្អូន ទោះបីពិបាកក្នុងធ្វើដំណើរយ៉ាងណាក៏ដោយ ក៏ស៊ូរធ្វើដំណើរមកទាល់តែដល់គោលដៅដើម្បីចុះមកមើលពីការរស់នៅរបស់ បងប្អូនព្រោះនេះជាតួនាទីរបស់អាជ្ញាធរ មិនថាជិតឬឆ្ងាយនោះឡើយ ឲ្យប្រជាពលរដ្ឋរស់ដល់ណាឲ្យនិងទៅទីនោះជាពិសេសកាកបាទក្រហមកម្ពុជា ឲ្យប្រជាពលរដ្ឋទទួលឧបសគ្គអី្វ១ គឺក្រុមការងារទៅដល់ទីនោះ ភ្លាមដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឡើយ នឹងប្រកាន់នូវនិន្នាការនយោបាយណាឡើយ»។
លោក ប៊ុន លើត បានបន្តថា អំណោយទាំងនេះវាតិចតួចក៏ពិតមែន តែវាអាចសម្រួលបានក្នុងជីវភាពគ្រួសារ បាន១គ្រាផងដែរ។ ហើយលោកបាន ធ្វើការផ្តាំផ្ញើទៅបងប្អូន ប្រជាពលរដ្ឋឲ្យចេះថែរក្សាសុខភាព ដោយខ្លួនឯងផងដែរ៕