(ថៃ)៖ ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំប្រទេសថៃ នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខាគណបក្សប្រចាំខេត្តឆៈឈើងសៅ ប្រទេសថៃ ដោយមានការចូលរួមពីតំណាងសមាជិក សមាជិកាសាខាគណបក្សទូទាំងប្រទេសថៃប្រមាណជាង៥០០នាក់។
នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង លើកឡើងថា ដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ បណ្តាលឲ្យយើងខកខានរៀបចំពិធីនេះជាងពីរឆ្នាំមកហើយ ប៉ុន្តែដោយសារតែវិធានការប្រកបដោយប្រសិទ្ធភាពរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ និង ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានធ្វើឱ្យស្ថានភាពនៃការរីករាលដាលអាចគ្រប់គ្រងបាន ហើយការបន្ធូរបន្ថយវិធានការបស់គណៈកម្មការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលថៃ ទើបយើងអាចជួបជុំគ្នាបានក្នុង ពិធីដ៏អធិកអធមនាពេលនេះ ស្របពេលដែលយើងកំពុងសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ដែលទូទាំងប្រទេសអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។
ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២ ជាទិវាគម្រប់ខួបលើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។ គណបក្សមានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។
ក្នុងនាមក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ លោកបណ្ឌិត អ៉ិត សំហេង បានសម្តែងនូវការគោរព និងដឹងគុណជាទីបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មបម្រើជាតិរយៈពេល ៤៣ឆ្នាំ មកនេះ។
លោកបន្តថា យើងទាំងអស់គ្នាសូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនានៅគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងសុភមង្គលរបស់មាតុភូមិ និងប្រជាជន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីកសាង និងការពារប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថិរគង់វង្សជារៀងរហូត។
លោកបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត។ ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង ២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។
លោកបានបន្ថែមថា រាល់សមិទ្ធផលដែលគណបក្សបានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំ មកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ។
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្តារនិងអភិវឌ្ឍប្រទេសជាតិរហូតទទួលបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ បងប្អូនពលករយើងដែលកំពុងស្នាក់នៅនិងធ្វើការនៅថៃ ក៏ទទួលការយកចិត្តទុកដាក់ខ្ពស់ណាស់ពីរាជរដ្ឋាភិបាលកម្ពុជា ទាំងការដោះស្រាយផ្តល់កិច្ចគាំពារនៅក្នុងប្រទេសថៃ និងការវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អពីរាជរដ្ឋាភិបាលថៃ ដើម្បីឱ្យបងប្អូនអាចទទួលបាននូវការធានាបាននូវកិច្ចគាំពារនានា ជាពិសេសការរក្សាបាននូវការងារ ការការពារសុខភាព ជីវភាពរស់នៅក្នុងកំឡុងពេលដ៏សែនលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ក្រោមកិច្ច សហប្រតិបត្តិការ លើវិស័យការងាររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រ ថៃ ដែលជាកិច្ច សហប្រតិបត្តិការ ឈ្នះ ឈ្នះ នាំឱ្យបងប្អូន ពលករ មានការងារធ្វើ មាន ប្រាក់ ចំណូល ចេះជំនាញ ការងារដែលកំពុងធ្វើពេលត្រឡប់ទៅវិញមានការងារ និងកសាងប្រទេសតាមរយៈការងារនៅក្នុងស្រុកយើង ចំណែកខាងភាគីថៃ ក៏ទទួលបានកម្លាំងពលកម្មបំពេញបំពេញនូវតម្រូវការនៃផលិតកម្ម និងសេវាកម្ម តាមរោងចក្រ សហគ្រាស របស់គេផងដែរដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រទេសទាំងពីរ៕