(ព្រះវិហារ)៖ យុវជនម្នាក់ដែលមានជីវភាពក្រីក្រខ្វះខាត រស់នៅភូមិរំចេក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង និងថវិកាមួយចំនួន ពីលោក ជា សែ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករវៀង ខេត្តព្រះវិហារ។
លោក ជា សែ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយមើលឃើញពីភាពសកម្មនិងការស្រឡាញ់ គាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា កាលកំឡុងពេលឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ របស់យុវជនឈ្មោះ ទេព វិចិត្រ ដែលមានជីវភាពក្រីក្រមានត្រឹមតែម៉ូតូកញ្ចាស់១គ្រឿងចូលរួមដង្ហែរក្បួនឃោសនាជាមួយលោកនាពេលនោះ បានធ្វើឲ្យរូបលោកមានការអាណិតជាពន់ពេក ហើយក៏កោតសរសើរផងដែរ ចំពោះយុវជនរូបនេះ ដែលមានឆន្ទៈ និងបេះដូងស្រឡាញ់គណបក្សប្រជាជនដោយពិតប្រាកដ។
លោក ជា សែ បានបញ្ជាក់ទៀតថា ដើម្បីជាការលើកទឹកចិត្ត និងការអាណិតស្រឡាញ់ចំពោះយុវជនរូបនេះ កាលពីពេលថ្មីៗនេះ លោកបានផ្ដល់ថវិកាមួយចំនួន ទូរស័ព្ទដៃ ម៉ាក iPhone និងម៉ូតូម៉ាក Cup-90 មួយគ្រឿងជូនយុវជនរូបនេះ នៅលំនៅដ្ឋានរបស់លោកនៅរាជធានីភ្នំពេញ។
យុវជន ទេព វិចិត្រ ក៏បានថ្លែងអំណររគុណដល់លោក ជា សែ និងក្រុមគ្រួសារ ដែលបានផ្តល់ម៉ូតូ ទូរស័ព្ទ និងថវិកា ដល់រូបលោក។ យុវជនរូបនេះថា «ក្នុងមួយជីវិតខ្ញុំនេះ មិនអាចភ្លេចគុណលោក ជា សែ និងក្រុមគ្រួសារបានទេ ពិសេសគឺមិនអាចបំភ្លេចគុណគណបក្សប្រជាជនកម្ពុជា ហើយសូមជូនពរលោក ជា សែ និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សុភមង្គល តរៀងទៅ»៕