(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានា និងបើកយុទ្ធនាការសហគមន៍បៃតងដាំកូនឫស្សីផ្អែម ជាង១ពាន់ដើម ស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ការចុះពិនិត្យមើលសមិទ្ធផលនានា និងដាំដើមឫស្សីផ្អែម ដោយមានការចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជាង៥០០នាក់។
លោក យក់ ប៊ុនណា បានដឹកនាំមន្ត្រីក្រមការងារ នៃសាលាភូមិន្ទរដ្ឋបាល ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដាំកូនឫស្សីផ្អែម ចំនួន១ពាន់ដើម នៅក្នុងបរិវេណសាលាបឋមសិក្សា ត្រពាំងទ្រាំង និងក្នុងភូមិល្អ និងបានចែកពូជកូនឫស្សីផ្អែមដល់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បន្ទាប់ពីដាំកូនឫស្សីផ្អែមរួចមកលោកក៏បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានា នៅសាលាបឋមសិក្សា ត្រពាំងទ្រាំង។
លោកបញ្ជាក់ថា តាមរយៈមូនិធិកម្មវិធី មនុស្សធម៌ ដើម្បីការងារសង្គមនៃសាលាភូមិន្ទរដ្ឋបាល បានផ្ដល់ទីតាំងផ្ទៃដី ទំហំ៣.២០ហិកតា ដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបានសាងសង់អគារស្នាក់នៅម្រាប់គ្រូបង្រៀន១ខ្នង ចំនួន៧បន្ទប់ បន្ទប់អនាម័យ២បន្ទប់ ស្រះទឹក១កន្លែង អណ្តូងទឹក១ និងអគ្គីសនីប្រើប្រាស់ដោយពន្លឺព្រះអាទិត្យ ឬផ្ទាំងសូរឡា ដែលបច្ចុប្បន្នសាងសងរួចរាល់ជាស្ថាពរ។
លោកនាយកបានបញ្ជាក់បន្ថែមថា នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅក្នុងសហគមន៍ទាំងមូលឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ក្នុងកម្មវិធីនោះ លោក យក់ ប៊ុនណា ព្រមទាំងក្រុមការងារ នៃសាលាភូមិន្ទរដ្ឋបាល ចែកជូននូវសម្ភារៈសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្ស និងឧបត្ថម្ភថវិការដល់លោកគ្រូ អ្នកគ្រូម្នាក់ចំនួន៣ម៉ឺនរៀល ចំពោះអ្នកគ្រូមានផ្ទៃពោះឧបត្ថម្ភ១០ម៉ឺនរៀល៕