(ភ្នំពេញ)៖ នៅក្នុងការសិក្សាអំពីរបៀបសរសេរព័ត៌មាន នៅថ្ងៃសៅរ៍សប្តាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានបន្តពន្យល់អំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដល់សិក្ខាកាមជាង៥០នាក់។
លោកលើកឡើងថា «ខ្ញុំអាចបង្រៀនអ្នកទាំងអស់គ្នា ទៅលើការសរសេរឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងបង្ហាញពីក្រមសីលធម៌នៃអ្នកសារព័ត៌មាន។ ប៉ុន្តែមានតែអ្នកខ្លួនឯងទេ ជាអ្នកសម្រេចក្នុងការអនុវត្តបែបណា នៅពេលធ្វើកិច្ចការព័ត៌មាននេះប៉ុណ្ណោះ»។
នៅក្នុងថ្នាក់សិក្សាវាសប្តាហ៍នេះ សិក្ខាកាមជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសាព័ត៌មាន។ ដោយមានការជជែកសួរដេញដោលយ៉ាងខ្លាំង ក្នុងន័យឈ្វេងយល់ឲ្យច្បាស់ពីភាពដែលអាច និងមិនអាចធ្វើទៅបានរបស់អ្នកសារព័ត៌មាន។
លោក ម៉ារ យ៉ារិទ្ធ បានសង្កត់ធ្ងន់ផងដែរថា ការគោរពក្រមសីលធម៌របស់អ្នកសារព័ត៌មាន គឺជាការផ្ដល់តម្លៃឲ្យខ្លួនឯង ប្រភព ក៏ដូចជាស្ថាប័នខ្លួនឯងផងដែរ។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ដែរ នៅពេលដែលយើងយល់ពីក្រមសីលធម៌ នោះការធ្វើអត្ថាធិប្បាយរបស់យើងក្នុងនាមជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ គឺជាការដែលអាចធ្វើឲ្យអ្នកអាន និងអ្នកស្ដាប់ អាចជឿទុកចិត្តបាន។
សូមបញ្ជាក់ថា នេះជាសប្ដាហ៍ទី៣ហើយ នៃការដំណើរការបង្រៀនដល់សិក្ខា សម្រាប់ថ្នាក់សិក្សា FTC ជំនាន់ទី៣នេះ។ បន្ទាប់ពី FTC បានទទួលជោគជ័យយ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល២ជំនាន់រួចមក ដោយមានការចាប់អារម្មណ៍ពីសិស្សចុះឈ្មោះចូលរៀន ពេញថ្នាក់មុនការកំណត់។
FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។ FTC មានលោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ក្នុងនោះលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។
ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា និងចុះឈ្មោះសូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334៕