(កំពត)៖ លោក អ៊ុង សារ៉ាន់ តំណាងលោកឧកញ៉ា មាស សត្យា ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៥៧នាក់ ដែលមកពីស្រុកទាំង៧ និងក្រុងចំនួន២នៃខេត្តកំពត ជាសមាជិកនៃសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូចប្រចាំខេត្តកំពត។
ពិធីប្រកាសបញ្ជូមសមាជិកថ្មីនេះ បានធ្វើឡើង នៅសាលប្រជុំនៃសណ្ឋាគារខេមរ៉ា នាក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសមាជិក សមាជិកាជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា សមាជិកទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការចូលរួមនេះរួមមាន៖ ទទួលបាននូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយពិតប្រាកដសម្រាប់ជាអាជីពផ្ទាល់ខ្លួន, មានគ្នាកាន់តែច្រើនសម្រាប់ជម្រុញសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ និងចូលរួមជួយកិច្ចការសង្គមក្នុងមូលដ្ឋាន។
លើកឡើងនាឱកាសនោះលោក អ៊ុង សារ៉ាន់ បានលើកឡើងថា សមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដែលមានការចុះបញ្ចីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដោយមានលោកឧកញ៉ា មាស សត្យា ជាប្រធាន ក្នុងគោលបំណងប្រមូលកម្លាំង និងធនធានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសមាជិក និងជនគោលដៅនៅកម្ពុជា។
លោកបានបន្ថែមថា សមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូចមានគោលជំហរអព្យាក្រិត្យ មិនបម្រើគណបក្សនយោបាយណាមួយ មិនចូលរួមគណបក្សនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺធ្វើដើម្បីបម្រើផលប្រយោជន៍ទូទៅរបស់ប្រទេសជាតិ និងប្រជាជន។
សូមជម្រាបថា នៅក្នុងសមាគម មានផ្នែកចំនួ១០សំខាន់ៗរួមមាន៖ ១) ផ្នែកច្បាប់ ២) សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣) បរិស្ថាន កសិកម្ម និងធនធានទឹក ៤) សុខាភិបាល ៥) ទេសចរណ៍ សាសនា វប្បធម៌ និងសិល្បៈ ៦) ពាណិជកម្ម ឧស្សាហកម្ម និងដឹកជញ្ជូន ៧) កិច្ចការបរទេស ៨) អប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ កីឡា និងកិច្ចការសង្គម ៩) អចលនទ្រព្យ និងសំណង់ ១០) ព័ត៌មាន និងផ្សព្វផ្សាយ។ផ្នែកទាំង១០ខាងលើគឺជាការរួមគ្នាដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកក្នុងគោលបំណងលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរបស់កម្ពុជា៕