(ស្ទឹងត្រែង)៖ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំង រាជធានី-ខេត្ត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះបានរួមគ្នាប្រារព្ធទិវា «ចងចាំ ២០ ឧសភា» ជាថ្ងៃបក្សកុម្មុយនីស្តប៉ុលពត បានដាក់ចេញនូវគោលនយោបាយ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ និង ធ្វើឲ្យជាតិខ្មែរទាំង មូលស្ទើរតែរលាយសាបសូន្យ ក្នុងនោះសូម្បីតែព្រះពុទ្ធសាសនាជាសាសនារបស់ជាតិ ក៏របបមួយនេះកម្ទេចចោលផងដែរ។
មិនខុសពីមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដទៃនោះ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តស្ទឺងត្រែង នៅថ្ងៃទី២០ ខែឧសភា ម្សិលមិញនេះ ក៏បានប្រារព្ធទិវា «ចងចាំ ២០ ឧសភា» នេះផងដែរ។
ទិវាចងចាំនេះ ត្រូវបានរៀបចំ និងដឹកនាំដោយ លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។ នៅក្នុងថ្ងៃប្រារព្ធទិវាចងចាំនេះ ក៏មានការប្រារព្ធពិធីបុណ្យ បង្សុកូល រាប់បាតព្រះសង្ឃ ៧៧អង្គ នៅវត្តស្រះកែវមុនីវណ្ណ ដើម្បីឧទ្ទិស កុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងវីរៈជនស្នេហាជាតិ រាប់លាននាក់ ដែលស្លាប់បាត់បង់ជីវិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។
សូមបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យ បានដាក់ចេញនូវគោលការណ៍ចម្លែកៗ ជាច្រើនដូចជា៖ បំបាត់វត្តអារាម និងព្រះសង្ឈ ព្រមទាំងជំនឿសាសនាផ្សេងៗទៀត បំបាត់ទីផ្សារ និង ប្រាក់កាស ប្រមូលផ្តុំប្រជាជននៅក្នុងសហករណ៍ ដោយបង្ខំឲ្យចាកចេញពីទីក្រុង និងភូមិ ស្រុក ឲ្យទៅធ្វើការរួម ហូបរួម ដេករួម លះបង់កម្មសិទ្ធឯកជនគ្រប់យ៉ាង ហើយត្រូវស្ម័គ្រស្មោះចំពោះអង្កការតែម្យ៉ាងគត់។
២០ ឧសភា ១៩៧៥ ក៏បានដាក់ចេញនូវគោលការណ៍ ដ៏សែនឃោរឃៅយង់ឃ្នង បង្ខំឲ្យប្រជាជនទាំងចាស់ទាំងក្មេង ធ្វើការយ៉ាងធ្ងន់ធ្ងរ គ្មានម៉ោងសម្រាក បំបាត់សិទ្ធិសេរីភាពសព្វបែបយ៉ាង សូម្បីតែសិទ្ធិហូបចុក សិទ្ធិនិយាយស្តី និងសម្លាប់ប្រជាជនយ៉ាងរង្គាល ដោយអយុត្តិ ធម៌ជាទីបំផុត៕