(ហាណូយ-វៀតណាម)៖ ថ្លែងក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៥៥ ឆ្នាំកន្លងមក (២៤ មិថុនា ១៩៦៧-២០២២) ប្រទេសយើងទាំងពីរតែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អ និងស្មោះត្រង់។
ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា យើងបានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផង ដោយសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ពិសេសកាលពីសម័យសង្គ្រាម ប្រទេសយើងទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធតស៊ូ និងជួយឧបត្ថម្ភ គាំទ្រគ្នាទៅ វិញទៅមក ក្នុងបុព្វហេតុរំដោះប្រទេសជាតិពីនឹមអាណានិគមនិយម ដោយជោគជ័យ និងទទួលបាន ឯករាជ្យភាព អធិបតេយ្យភាព សេរីភាព និងការបង្រួបបង្រួមជាតិទាំងស្រុង។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រទេសយើងទាំងពីរបានឈានចូលទំព័រថ្មី នៃប្រវត្តិសាស្ត្រ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ អ្វីដែលសំខាន់ទៅទៀតនោះ ប្រជាជនយើងទាំងពីរ បានធ្វើដំណើរទៅមក ផ្លាស់ប្ដូរទំនិញ និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសនៅតាមតំបន់ជាប់ព្រំដែនកាន់តែមានភាពមមាញឹក និងស្និទ្ធស្នាល ដោយសារយើងបាន លើកលែងទិដ្ឋាការ និងការតភ្ជាប់ផ្លូវគមនាគមន៍តាមគ្រប់រូបភាព រួមមានផ្លូវ ស្ពាន ផ្លូវទឹក និងផ្លូវអាកាស។
លោកស្រី ម៉ែន សំអន បានអះអាងថា ក្នុងឱកាសខួបលើកទី៥៥ឆ្នាំ ប្រទេសយើងទាំងពីរបានរួមគ្នាធ្វើសកម្មភាពច្រើនណាស់ រួមមាន ការផ្លាស់ប្តូទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ការធ្វើមិទ្ទិញ ដូចជាថ្ងៃនេះ ការបំពាក់គ្រឿងឥស្សរិយយសជូនគ្នាទៅ វិញទៅមក ការសម្ដែងសិល្បៈរួម ការចាក់ផ្សាយខ្លឹមសារពីទំនាក់ទំនងមិត្តភាពកម្ពុជា វៀតណាម តាមប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្តថា កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ បានជួបគ្នា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រារព្ធខួបលើកទី ៤៥ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ ដែលពេលនោះសម្តេចតេជោ បានប្រថុយជីវិត ឆ្លងកាត់ឧបសគ្គធ្វើដំណើរចូលទៅប្រទេសវៀតណាម ដើម្បីសុំការគាំទ្រពីថ្នាក់ដឹកនាំវៀតណាម រៀបចំកសាងកម្លាំងប្រដាប់អាវុធធ្វើចលនាតស៊ូរំដោះកម្ពុជា ពីរបបប្រល័យ ពូជសាសន៍ប៉ុលពត។
ក្នុងពេលនោះ លោក ផាម មិញជិញ និងសម្តេចតេជោ ហ៊ុន សែន បាន ថ្លែងសន្ទរកថា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅពីទំនាក់ទំនងមិត្តភាព រវាងប្រទេសយើងទាំងពីរដោយ សង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគម និយម និងបង្រួបបង្រួមជាតិ។
លោកស្រី ម៉ែន សំអន ក៏បានសម្តែងនូវការគោរពដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត ចំពោះ គុណូបការៈដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជា និងរួមសុខរួមទុក្ខជាមួយកម្ពុជា។ ការគាំទ្រ និងការជួយទំនុកបម្រុងរបស់វៀតណាម បានរួមចំណែកធ្វើឲ្យកម្ពុជាមាន ការវិវត្តន៍ ពីប្រទេសមួយដែលពោរពេញទៅដោយសង្គ្រាម ទុក្ខខ្លោចផ្សា និងវិនាសកម្ម ទៅជាប្រទេសមួយ ដែលមានសន្តិភាពពេញលេញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ឈានឡើងជាប្រទេសមានចំណូលមធ្យមកំរិតទាប និងឯកភាពជាតិ។
លោកស្រី ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកពិធីជួបជុំនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីការពូនជ្រុំបន្តពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសក្នុងស្រទាប់យុវជនឲ្យកាន់តែទូលំទូលាយ រឹងមាំ និងគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ៕