(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាមជាច្រើនរូប។
ក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានធ្វើបទបង្ហាញដល់ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា នូវគម្រោងអភិវឌ្ឍន៍នានា ដែលនឹងត្រូវអភិវឌ្ឍន៍ឲ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍសហគមន៍ខ្មែរឥស្លាមកម្ពុជា លើវិស័យមួយចំនួន ពិសេសក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា និងផ្គត់ផ្គង់ ប្រជាជនចាស់ជរា អ្នកទីទ័លក្រ ជាដើម។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានស្នើដល់ RABITA គាំទ្រដល់គម្រោងទាំងនេះ ដែលសង្ឃឹមថា នៅពេលដែលគម្រងទាំងនេះ ទទួលបាននូវផ្លែផ្កានោះ សហគមន៍ខ្មែរឥស្លាម នឹងទទួលបាននូវប្រភពសេដ្ឋកិច្ចដើម្បីទ្រទ្រង់លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ព្រមទាំងមានលទ្ធភាពអភិវឌ្ឍសហគមន៍ លើវិស័យសង្គមកិច្ច សាសនា អប់រំ និងវិស័យផ្សេងៗទៀត។
ជាកិច្ចឆ្លើយតប លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានថ្លែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឲ្យកម្ពុជាមានសុខសន្តិភាព មានសេរីភាពខាងជំនឿសាសនា។ លើសពីនេះ លោកអគ្គលេខាធិការ RABITA ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម ដែលបានខិតខំអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ក្នុងបរិបទដែលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោកអគ្គលេខាធិការ RABITA ក៏បានទទួលយកនូវសំណើរបស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដើម្បីយកទៅសិក្សា និងគាំទ្រលើគម្រោងទាំងនេះ តាមការជាក់ស្តែង។
គួរជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕