(អូស្ដ្រាលី)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។
ក្នុងនោះក៏មានចូលរួមពីលោក ឡាវ វ៉ាន់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់២ និងលោកឧកញ៉ា ឡាក់ រ៉ាវុធ ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំទីក្រុងមែលប៊ន និងលោក ផុន ប៊ុនថេល ប្រធានយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន រួមទាំងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរូប៕