(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចចម្រើនលូតលាស់ BRICS ដែលរួមមានប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ដែលបានរាតត្បាតពិភពលោក អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក Matemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង, លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល, លោក Putin ប្រធានាធិបតីរុស្ស៉ី និងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា។ កិច្ចសន្ទនានេះ ក៏មានការចូលរួមពីបណ្តាប្រមុខរដ្ឋ/រដ្ឋាភិបាល កំពុងអភិវឌ្ឍន៍មួយចំនួនទៀត។
កិច្ចសន្ទនារជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» មានសារៈសំខាន់ក្នុងពិនិត្យលើវិបត្តិ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ និងលើពិភពលោក កើតចេញពីវិបត្តិជំងឺកូវីដ១៩ និងបញ្ហាដទៃទៀត ដើម្បីដាក់ចេញនូវយន្តការជាដំណោះស្រាយស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ។
ក្នុងសុន្ទរកថាគន្លឹះនៃកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ សម្តេចតេជោ បានសម្តែងនូវអំណរគុណជូនចំពោះលោក ស៊ី ជីនពីង ដែលបានអញ្ជើញសម្តេចចូលរួមក្នុងកម្មវិធី ដើម្បីរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងប្រ៊ីក (BRICS) សំដៅនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពសុខដុមរមនាសម្រាប់សកលលោក។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាទាំងនេះ បាននិងកំពុងបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ និងការខិតខំស្តារសេដ្ឋកិច្ចដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយ សកលលោកជាអាទិភាពចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្រុមប្រទេស BRICS មានតួនាទីសំខាន់ណាស់ក្នុងការជួយស្តារសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិ។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «BRICS ដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
សម្តេចតេជោ បន្ថែមថា «កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវទស្សនៈទានដែរថា ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិដូចបានលើកបង្ហាញខាងលើ ទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ, ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។
«ការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ។ ក្នុងនោះយើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើន កិច្ចសហការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
សម្តេចតេជោ ក៏បានមើលឃើញផងដែរថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។
ក្រៅតែពីការបង្ហាញនូវទស្សនៈទានមួយចំនួនហើយនោះ សម្តេចតេជោ បានក៏បានបង្ហាញនូវការប្តេជ្ញាចិត្តផងដែរថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩ ប្រកបដោយបរិយាប័ន្ន, ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕