(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងខិតខំជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ៦% បន្ថែមទៀត ដែលថ្នាក់ដឹកនាំកម្ពុជា-វៀតណាមឯកភាពគ្នា ឱ្យបានសម្រេចជោគជ័យក្នុងឆាប់ៗនេះ។
ការបញ្ជាក់របស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើងតាមរយៈ បទសម្ភាសស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅថ្ងៃទី២៤ ខែមិថុនានេះ ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២។
ទាក់ទ័ននឹងកិច្ចការព្រំដែននេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «ព្រំដែនចំនួន ១៦%ទៀតដែលមិនទាន់បានខ័ណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាពសម្រាប់ប្រទេសយើងទាំងពីរ។ ជាពិសេសយើងត្រូវជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនចំនួន ៦% បន្ថែមទៀត ដែលត្រូវបានថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នារួច ឱ្យសម្រេចបានជោគជ័យក្នុងពេលឆាប់ៗ ខាងមុខ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយវៀតណាម កម្ពុជាសម្រេចបានវឌ្ឍនភាពការងារទៅដល់ ៨៤% ហើយកំពុងតែខិតខំចរចារ ដើម្បីជំរុញការងារនេះបញ្ចប់ឱ្យបានឆាប់។
បច្ចុបន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនជាមួយវៀតណាមសរុបចំនួន៤៣ ក្នុងនោះមានច្រកទ្វារកំពង់ផែសមុទ្រចំនួន០៤ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១៤ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៣ និងច្រកទ្វារតំបន់ចំនួន១២។ ថ្មីៗ នេះ ក្នុងពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្តេចតេជោយករដ្ឋមន្រ្តីបានប្រកាសថា ច្រកទ្វារអន្តរជាតិកម្ពុជា វៀតណាមថ្មីមួយទៀត នឹងត្រូវបានបង្កើតឡើងនៅតំបន់នេះ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា៖ ការកសាងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕