(កំពង់ចាម)៖ គម្រោងសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីរក្សាការចងចាំរបស់ជនជាតិចាមអំពីសូត្រ និងការតម្បាញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ, លើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ និងរៀបចំផែនការអភិវឌ្ឍន៍នៅពេលអនាគត។ គម្រោងនេះនឹងគាំទ្រស្រ្តី និងអ្នករស់នៅក្នុងសហគមន៍បង្កើតជាសិប្បកម្មតម្បាញធុនតូចដោយចាប់ផ្តើមពីគំនិត កីមួយ និងសូត្រមួយសំពត់។
នៅដំណាក់ដំបូងនៃគម្រោងសូត្រចាម នឹងផ្តោតសំខាន់ៗទៅលើសកម្មភាព ដូចតទៅ គឺ ១៖ ចុះស្រាវជ្រាវ និងចងក្រងឯកសារ ២៖ សិក្សាពីសិល្បៈ និងសហគមន៍តម្បាញសូត្រចាម ៣៖ ធ្វើពិសោធន៍និងរៀបចំការបណ្តុះបណ្តាលសម្រាប់សហគមន៍ ៤) ត្បាញ ៥) ធ្វើការផ្សព្វផ្សាយនិងដាក់តាំងបង្ហាញពីផលិតផលតម្បាញរបស់សហគមន៍ចាម។ គម្រោងស្រាវជ្រាវសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ឧបត្ថម្ភដោយប្រទេសតួគី តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការនិងអភវឌ្ឍន៍របស់ប្រទេសតួគីដោយសហការជាមួយស្ថានទូតតួគីប្រចាំនៅប្រទេសកម្ពុជា។
នៅចន្លោះថ្ងៃទី១៣ ដល់ ១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន ស៊ាង ចិន្ដា, ឡុង អូន និង មីន សាណាស់ បានចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិចាម អំពីរឿងរ៉ាវជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហម និងការប្រកបរបរចិញ្ចឹមគ្រួសារជាមួយការត្បាញសូត្រ ការប្រើសិល្បៈត្បាញគោម ការរចនាម៉ូត និងការប្រើប្រាស់ពណ៌ក្នុងការត្បាញ។
ម៉ាត់ ម៉ៃស្មះ ភេទស្រី អាយុ៧២ឆ្នាំ រស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបរាប់ថា «តម្បាញសូត្រចាម អាចឲ្យខ្ញុំចិញ្ចឹមម្តាយ កូន និងក្មួយក្រោយពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩។ ក្រោយរបបខ្មែរក្រហម គ្រួសារខ្ញុំរស់រានមានជីវិតតែស្រ្តី និងក្មេងៗតែប៉ុណ្ណោះ ហេតុនេះ ខ្ញុំនិងម្តាយរបស់ខ្ញុំខិតខំស្វះស្វែងទៅរកត្រីដើម្បីលក់សន្សំលុយទិញកីទុកត្បាញក្រណាត់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ»។
អ្នកស្រីបានបន្តថា៖ «ខ្ញុំនៅចាំថា ម្តាយខ្ញុំនិងស្រ្តីចាមក្នុងភូមិ សុទ្ធតែមានចំណេះដឹងខាងតម្បាញសូត្រ ហើយនៅតាមផ្ទះនីមួយៗមានកីតម្បាញគ្រប់ៗគ្នា។ ចំណែកខ្ញុំមានជំនាញចងគោម និងត្បាញតពីម្ដាយរបស់ខ្ញុំ ហើយម្តាយរបស់ខ្ញុំក៏ទទួលចំណេះដឹងតពីយាយរបស់ខ្ញុំដែរ។ ម្តាយរបស់ខ្ញុំឈ្មោះ ម៉ៃយំ ពេលនៅរស់គាត់ប្រកបរបរតម្បាញ ចំណែកឪពុករបស់ខ្ញុំឈ្មោះ ម៉ាត់ មានមុខរបរជាអ្នកនេសាទ។ កាលពីសម័យមុន ជនជាតិចាមមករស់នៅក្នុងប្រទេសកម្ពុជាមានមុខរបរតែពីរប៉ុណ្ណោះ គឺនេសាទ និងតម្បាញ ហើយកូនៗដែលកើតមកត្រូវតែមានចំណេះដឹងក្នុងការប្រកបរបរនេះ។ ឪពុករបស់ខ្ញុំបានបង្រៀនបងប្រុស និងប្អូនប្រុសខ្ញុំអំពីជំនាញនេសាទត្រី ចំណែកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំនិងបងប្អូនស្រីៗអំពីសិល្បៈចរបាប់, តម្បាញ, ចាក់ផ្កាលើពូក ខ្នើយ ជាដើម។ នៅពេលប្រទេសកម្ពុជាកើតមានសង្រ្គាមជាហូរហែ ប្រពៃណី វប្បធម៌របស់ជនជាតិចាមក៏បាត់បង់បន្តិចម្តងៗ»។
អ្នកស្រីបានបញ្ជាក់បន្ថែមថា «ខ្ញុំចេះត្បាញសំពត់សូត្រតាំងពីអាយុ១៣ឆ្នាំ និងកាន់កីតម្បាញរាល់ថ្ងៃ។ នាសម័យមុន មុខរបរតម្បាញសូត្រ គឺថ្លៃថ្នូរ ហើយប្រជាជនផ្តល់តម្លៃខ្លាំងណាស់។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំឈ្មោះ កសឹម ប្រកបមុខរបរនេសាទត្រី។ ក្រោយពីរៀបការរួច ខ្ញុំមានកូនចំនួន៣នាក់។ ខ្ញុំបានមករស់នៅលើទូកនេសាទជាមួយប្ដីរបស់ខ្ញុំ ចំណែកមុខរបរត្បាញសំពត់សូត្ររបស់ខ្ញុំក៏ផ្អាកជាបណ្តោះអាសន្ន។ នៅពេលយោធាខ្មែរក្រហមរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានបំផុសឲ្យជនជាតិចាមនៅក្នុងភូមិកោះសូទិន រៀបចំអីវ៉ាន់ និងត្រៀមធ្វើដំណើរទៅរស់នៅប្រទេសអារ៉ាប់។ ប្រជាជនចាមនៅក្នុងភូមិ រួមទាំងគ្រួសារខ្ញុំ ឪពុកម្ដាយខ្ញុំបានចាកចេញពីភូមិកោះសូទិន តាមការចាក់ចែងរបស់កម្មាភិបាលខ្មែរក្រហម។ នៅតាមផ្លូវ យោធាខ្មែរក្រហមបញ្ជាឲ្យគ្រួសារខ្ញុំទុករបរមានតម្លៃ និងលុយកាក់ ព្រោះទៅដល់ទីនោះមិនខ្វះខាតឡើយ។ តាមពិត យោធាខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំតាមរថភ្លើងទៅកាន់ភូមិរហាលសួង ខេត្តបាត់ដំបង។ រយៈពេលកន្លះឆ្នាំបន្ទាប់ពីការជម្លៀស ឪពុកខ្ញុំបានធ្លាក់ខ្លួនឈឺដោយសារការបរិភោគមិនបានគ្រប់គ្រាន់ ហើយស្លាប់នៅទីនោះ។ តមក ប្ដីរបស់ខ្ញុំ និងកូនប្រុសច្បងរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារការអត់ឃ្លានទៀត។ នៅអំឡុងពេលកូននិងប្ដីរបស់ខ្ញុំស្លាប់ គឺខ្ញុំទើបសម្រាលកូនទី៣បានរយៈពេលមួយខែប៉ុណ្ណោះ។ ទោះបីខ្ញុំនៅសរសៃខ្ចីក៏អង្គការមិនឲ្យខ្ញុំឈប់សម្រាកដែរ គឺអង្គការបានចាត់តាំងខ្ញុំទៅគាស់គល់ឈើ និងដកស្ទូង។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅសល់តែខ្ញុំ ម្តាយរបស់ខ្ញុំ និងកូនតូចៗរបស់ខ្ញុំប៉ុណ្ណោះ។ យើងធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ នៅតាមផ្លូវកូនស្រីរបស់ខ្ញុំទាំងពីរកើតជំងឺអុតស្វាយ រីឯម្តាយរបស់ខ្ញុំមានវ័យចំណាស់ពិបាកក្នុងការធ្វើដំណើរ។ ខ្ញុំបានសុំរថយន្តរបស់កងទ័ពវៀតណាមជិះមកខេត្តកំពង់ចាម។ ពេលមកដល់ភូមិកំណើត ផ្ទះរបស់ខ្ញុំត្រូវបានខ្មែរក្រហមរុះរើគ្មានសល់ឡើយ។ ខ្ញុំបានក្រាលកន្ទេលលើដីដើម្បីដេកបណ្តោះអាសន្ន។ ម្តាយរបស់ខ្ញុំ និងខ្ញុំចេញទៅនេសាទ ដើម្បីយកត្រីទៅដូរយកសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងរៀបចំសាងសងខ្ទមសម្រាប់ស្នាក់នៅ»។
នៅឆ្នាំ១៩៨០ ជនជាតិចាមនៅក្នុងភូមិដែលជីវភាពធូរធារ បាននាំគ្នាទៅទិញសម្ភារសម្រាប់ត្បាញ។ ប៉ុន្តែការត្បាញនោះ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងចែកដល់កូនចៅប៉ុណ្ណោះ គឺមិនទាន់មានការលក់ដូរឡើយ។ អ្នកស្រីបានសន្សំប្រាក់រៀបចំធ្វើកីត្បាញ ព្រមទាំងស៊ីឈ្នូលត្បាញឲ្យប្រជាជនក្នុងភូមិរហូតដល់ឆ្នាំ២០១៥ ទើបឈប់ ព្រោះគ្មានទីផ្សារ។ អ្នកស្រីបានបញ្ជាក់ថា ចំពោះគោមសំពត់សូត្រចាម គឺមានច្រើនម៉ូតណាស់ ដូច្នេះយើងបានបែងចែកវាជាបី គឺ ទី១) គោមវល្លិ៍, ទី២) គោមផ្កា និងផ្លែឈើ និងទី៣) គោមរូបសត្វ។ ចំណែកការជ្រលក់ពណ៌ យើងមិនអាចសម្គាល់បានច្បាស់លាស់ឡើយ ព្រោះពណ៌សំពត់សូត្រចាមមានភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដូចជាជំនាន់សង្គមចាស់យើងប្រើផ្ទៃពណ៌ក្រហមសុទ្ធ ហើយចំណងគោមគឺមានពណ៌ក្រហម លឿង និងបៃតង។ ក្រោយមកទៀត អ្នកត្បាញចាប់ផ្ដើមប្រើផ្ទៃស្រអាប់ៗ ហើយពណ៌ចំណងក៏មានតែពីរពណ៌ដែរ។
អ្នកស្រីបានយល់ថា សំពត់សូត្រចាម ក្បាច់គោមសំពត់ចាម អាចនឹងបាត់បង់នៅពេលខាងមុខនេះ ព្រោះសព្វថ្ងៃនេះ ក្មេងស្រីជនជាតិចាមនៅក្នុងភូមិហាក់មិនចាប់អារម្មណ៍នឹងការងារតម្បាញដែលជាប្រពៃណីរបស់យើងឡើយ៕