(ព្រៃវែង)៖ ប្រជាពលរដ្ឋ៣គ្រួសារ ដែលរស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានស្នើឲ្យអាជ្ញាធរខេត្តព្រៃវែង និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដល់ពួកគាត់ ចំពោះករណីធ្វើរបងថ្មបិទផ្លូវធ្វើដំណើររបស់ពួកគាត់ បើទោះបីជារដ្ឋបាលស្រុកធ្វើការហាមឃាត់ក៏ដោយ។
ប្រជាពលរដ្ឋ៣គ្រួសារ បានអះអាងថា ពួកគាត់បានរស់នៅ កាន់កាប់ និងអាស្រ័យផល លើដីជាប់នឹងផ្លូវលំគ្រួសក្រហម (ជាប់ខាងលិចផ្លូវ) តាំងពីមុនឆ្នាំ១៩៩០ ដែលប្រឈមគ្នានឹងដីលោក រឿន ស្រឿន និងប្រពន្ធ ឃិន រុំ (ខាងកើតផ្លូវ) ជារៀងមក។ បន្ទាប់ពីមានការអភិវឌ្ឍពង្រីកផ្លូវ នៅឆ្នាំ២០១៥ ស្រាប់តែនៅដើមឆ្នាំ២០១៩ គ្រួសារនេះបានមកទាមទារយកដីចំណីផ្លូវខាងលិច ដែលនៅពីមុខដីរបស់ពួកគាត់ទាំង០៣គ្រួសារ ដោយលើកឡើងថា ជាដីរបស់គាត់នៅសល់ពីការអភិវឌ្ឍ និងបានដាក់ពាក្យប្តឹងឈ្មោះ គង់ មាន មកសាលាស្រុកពោធិ៍រៀងថែមទៀតពីបទសង់រោងលើដីរបស់គាត់ ទាំងដែលដីរបស់ពួកគាត់ និងដីគាត់មិនដែលមានព្រំប្រទល់ជាប់គ្នាសោះ។
ប្រជាពលរដ្ឋបានបន្តទៀតថា ខណៈដីកំពុងមានការចម្រូងចម្រាស់ជាមួយពួកគាត់ស្រាប់តែ លោក រឿន ស្រឿន និងប្រពន្ធ ឃិន រុំ បានលក់ដីខាងលើនេះទៅឲ្យបុគ្គលដទៃ ឈ្មោះ រ៉េន កែវឡៃ ដោយមានការទទួលស្គាល់ពីមេភូមិ និងមេឃុំ ហើយស្រាប់តែដល់ថ្ងៃទី០៣ ខែមេសាឆ្នាំ២០២១ ក៏មានដីកាកោះចំពោះឈ្មោះ គង់ មាន និងនៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២១ ដីកាកោះចំពោះឈ្មោះ យ៉េត វុទ្ធី, រស់ ម៉ាច, អាត ភាព និងឈ្មោះ ឆុន ខូវ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ដោយចោទប្រកាន់ពួកគាត់ថា សង់រោងរំលោភលើដីកម្មសិទ្ធិរបស់គេទៅវិញ។
បន្ទាប់មកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ រ៉េន កែវឡៃ បាននាំបក្សពួកមកសាងសង់របងថ្មលើដីចំណីផ្លូវ ដោយបិទផ្លូវចេញ ចូលលំនៅដ្ឋានរបស់ពួកគាត់ ទាំងមិនទាន់មានសេចក្តីសម្រេចណាមួយនៅឡើយ ហើយខណៈកំពុងសាងសង់រដ្ឋបាលស្រុកពោធិ៍រៀង ក៏បានធ្វើការហាមឃាត់ឲ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការសាងសង់របងថ្មរបស់ ឈ្មោះ រ៉េន កែវឡៃ នេះដែរ ប៉ុន្តែគាត់នៅតែបន្តធ្វើដោយពុំខ្លាចអំណាចរបស់រដ្ឋបាលស្រុកនោះឡើយ។
ទាក់ទងនឹងការបញ្ហានេះដែរនេះ លោក យស ស៉ីណាត អភិបាលស្រុកបានបញ្ជាក់ផងដែរថា ករណីនេះបានកំពុងរាយការណ៍ទៅថ្នាក់ខេត្តហើយ ខណៈលោកបានចេញលិខិតហាមឃាត់បុគ្គល ឈ្មោះ រ៉េន កែវឡៃដែលធ្វើរបងលើដីនេះមិនស្តាប់នោះទេ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងបីគ្រួសារនោះ ស្នើយ៉ាងទទូចដល់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ឲ្យជួយរកដំណោះស្រាយដល់ពួកគាត់ ខណៈដែលផ្ទះ និងដីរបស់គាត់បានរស់នៅ និងអាស្រ័យផលយូរហើយបែរជាបាត់ផ្លូវដើរទៅវិញ៕