(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារបច្ចេកទេសរវាងក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព។
មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន១១.០០០គ្រែ។
ក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ ដោយបានបញ្ជាក់ថាគម្រោងនេះ សម្រេចការសាងសង់បានប្រមាណជាង៣០% ដោយមណ្ឌលព្យាបាលនេះ មានអគារសរុបចំនួន ០៩អគារ រួមមាន អគារព្យាបាលចំនួន ០៧ អគាររដ្ឋបាលចំនួន ០១ អគារបុគ្គលិកចំនួន ០១ ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ ពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យការសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នូវអគារចំនួន ០៥ អគារ ចំណែកអគារនៅសល់ចំនួន ០៤ អគារទៀត នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។
ក្នុងនោះដែរ អគារដែលគម្រោងនឹងសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន អគារព្យាបាលអ្នកជំងឺ (ចំនួន ០២អគារ) អគារសង្គ្រោះបន្ទាន់ចំនួន ០១ អគារផ្នែករដ្ឋបាលចំនួន ០១ និងអគារសម្រាប់ក្រុមគ្រូពេទ្យព្យាបាលស្នាក់នៅចំនួន ០១ ដើម្បីអាចដំណើរការទទួលអ្នកជំងឺបាន ព្រមទាំងអាចមានលទ្ធភាពទទួលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានឆ្លងរាលដាលដែលបង្កដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ។
មណ្ឌលព្យាបាលនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានបំពាក់នឹងសម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា។
ក្រោយពីមានការជួបប្រជុំពិភាក្សា និងការធ្វើបទបង្ហាញវឌ្ឍនភាពការងាររួចមក ប្រតិភូក្រសួងសុខាភិបាល ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជាមួយសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង និងក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានធ្វើការចុះពិនិត្យមើលការដ្ឋានជាក់ស្ដែងនៅតាមអគារនីមួយៗ និងសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករធ្វើការនៅទីកន្លែងនោះផងដែរ ព្រមទាំងចុះពិនិត្យនូវអគារដាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដែលបានផ្ទេរមកពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក ដើម្បីត្រៀមសម្រាប់ដាក់ឲ្យប្រើប្រាស់ នៅពេលដែលមណ្ឌលព្យាបាលនេះ សាងសង់រួចជាស្ថាពរ៕