(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
សេចក្តីណែនាំដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា ក្នុងស្មារតីទប់ស្កាត់ការផ្សព្វផ្សាយអូសទាញយុវវ័យ ឱ្យប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/ Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិត ដូចខាងក្រោម៖
១៖ សូមធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។
២៖ សូមហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពអំពីបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ភី (HTPs-Heated Tobacco Products)ខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។
៣៖ សូមសហការជាមួយមាតាបិតា អ្នកអាណាព្យាបាល បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខសញ្ញ ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPS-Heated Tobaicco ( Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សូមជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។
កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ៕