(ភ្នំពេញ)៖ ខណៈប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៤ នៅ២០២២ ហើយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» នាយប់ថ្ងៃទី២៤ មិថុនា ២០២២នេះ មន្ត្រីស្រាវជ្រាវជាន់ខ្ពស់កម្ពុជាបានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ក្នុងអន្តរកាលនេះ កម្ពុជាចាំបាច់ទាញយកនូវកាលានុវត្តភាព ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី BRICS Plus។
ជាមួយនឹងភាពបាច់ទាញយកឱកាសដែលអនុគ្រោះសម្រាប់ចាប់យកប្រយោជន៍ពីក្របខ័ណ្ឌនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី២៤ មិថុនា ២០២២ ថា BRICS គឺជាប្លុកនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ចំនួន៥ គឺមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយ BRICS នេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៦។
បណ្ឌិត គិន ភា បន្តថា បើពិនិត្យជាតួលេខ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ BRICS នេះ បណ្តាប្រទេសទាំង៥គឺតំណាងឲ្យ ៣០% នៃផ្ទៃដីពិភពលោក, ៤២%នៃចំនួនប្រជាជនសរុបក្នុងពិភពលោក និង ២០%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ដូច្នេះ គឺជាទំហំតួលេខមួយដ៏ធំសម្បើម ជាហេតុនាំឲ្យអាចនិយាយបានថា កិច្ចសហប្រតិបត្តិការ BRICS នេះគឺពិតជាសំខាន់ណាស់ សម្រាប់ពិភពលោក សំខាន់ទាំងសម្រាប់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចសកល។
ប្រភពបន្តថា កិច្ចសហប្រតិបត្តិការ BRICS នេះគឺតែងតែយកចិត្តទុកដាក់ និងបង្ហាញនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីនិយម អភិបាលកិច្ចសកល សេដ្ឋកិច្ចពិភពលោក ដែលមានលក្ខណៈបើកចំហរ ជាមួយនឹងពហុភាគីនិយមនិងកំណើនប្រកបដោយបរិយាប័ន្ន ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ហើយភាពជាស្មារតីពហុភាគីនិយម ដែលផ្អែកលើច្បាប់របស់ BRICS នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ន។
ចាប់តាំងពីការបង្កើត BRICS មក លោកសង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកល ដែលប្រកបដោយបរិយាប័ន្ន ហើយបានរួមចំណែកយ៉ាងសំខាន់ ដល់កំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចពិភពលោក សន្តិភាព និងស្ថិរភាពអន្តរជាតិ ព្រមទាំងជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ចពិភពលោក។
សម្រាប់លោកយល់ឃើញថា កិច្ចប្រជុំកំពូល BRICS នេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មេដឹកនាំនៃសមាជិក BRICS ដើម្បីបង្កើតភាពជាដៃគូឲ្យកាន់តែរឹងមាំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងដើម្បីដោះស្រាយបញ្ហាប្រឈមធំៗចំពោះសេដ្ឋកិច្ច និងសន្តិសុខពិភពលោក។
លោកបណ្ឌិត គិន ភា ជឿជាក់ថា ផលប៉ះពាល់នៃទណ្ឌកម្ម ដែលដាក់ដោយបណ្តាប្រទេសលោកខាងលិចមួយចំនួន ទៅលើប្រទេសរុស្ស៊ី ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការពង្រីក BRICS នឹងមានកម្រិតខ្ពស់បន្ថែមទៀត នឹងក្លាយជាររបៀបវារៈដ៏សំខាន់ ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ១៤។
លោករំពឹងថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ មិនត្រឹមផ្តល់ផលប្រយោជន៍ សម្រាប់ BRICS ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ផ្តល់សារៈប្រយោជន៍ជាសារវ័ន សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក៏ដូចជាពិភពលោកទាំងមូលផងដែរ។
លោកជឿជាក់ថា ប្រទេសចិននឹងប្រើប្រាស់ឱកាសនេះ ដើម្បីលើកកម្ពស់ស្មារតី BRICS ដែលបើកចំហរ មានលក្ខណៈបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងចាប់ផ្តើមដំណើរឆ្ពោះទៅរក កិច្ចសហប្រតិបត្តិការបែបថ្មីមួយរបស់ BRICS ដោយសារតែយើងដឹងហើយថា ប្រទេសចិនគឺតួអង្គវិនិយោគ ដៃគូពាណិជ្ជកម្មដ៏សំខាន់ ក្នុងប្លុក BRICS ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងសមាជិកផ្សេងៗទៀតនៃ BRICS គឺមានឥទ្ធិពលខ្លាំងណាស់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនេះ ក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល។
សម្រាប់កម្ពុជា លោកបណ្ឌិត គិន ភា យល់ឃើញថា អាចទទួលបានផលប្រយោជន៍ពី BRICS នេះ ប្រសិនបើយើងអាចបង្កើត ភាពជាដៃគូជាមួយ BRICS ក្នុងក្របខណ្ឌនៃផែនការពង្រីក BRICS ដែលគេហៅថា BRICS Plus ដែលជាយន្តការមួយ នឹងលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍ សមធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ឆ្ពោះទៅរកសហគមន៍ដែលមានជោគវាសនារួមគ្នា សម្រាប់មនុស្សជាតិ។
លោកបានគូសបញ្ជាក់ដែរថា ក្របខណ្ឌ BRICS Plus នេះឆ្លុះបញ្ជាំងពីស្មារតីពហុភាគីនិយម ពាហុវប្បធម៌ហើយជាលទ្ធផល ដែលអាចធានានៃការរស់រានមានជីវិតនៃទីផ្សារដែលកំពុងរីកចម្រើន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ពង្រឹងអភិបាលកិច្ចសកល ការពារសន្តិភាព និងភាពស្ងប់សុខពិភពលោកដែរ ដូច្នេះបើកម្ពុជាអាចជាផ្នែកមួយ នៃផែនការពង្រីក BRICS ឬ BRICS Plus នេះ កម្ពុជាអាចទាញបាននូវកាលានុវត្តភាព ទៅលើវិស័យពាណិជ្ជកម្ម វិនិយោគ ទីផ្សារ ហើយក៏ជាផ្នែកមួយនៃស្មារតីពហុភាគីនិយមរបស់កម្ពុជាផងដែរ។
លោកពន្យល់បន្ថែមថា កម្ពុជាគឺជាប្រទេសតូចមួយ ដូច្នេះ រាល់ដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ក៏ដូចជា អន្តរជាតិ ជាដើម គឺទាមទារដោះស្រាយតាមយន្តការពហុភាគី ហើយ BRICS គឺយន្តការពហុភាគីដ៏សំខាន់មួយក្នុងពិភពលោក ដោយសារតែប្លុក BRICS នេះគឺជាបណ្តុំនៃប្រទេសចំនួន៥ ដែលតំណាងឲ្យ៤២% នៃប្រជាជនសរុបពិភពលោក និង ២០% នៃ GDP របស់ពិភពលោក ដូច្នេះគឺជាទំហំមួយធំណាស់ ដែលកម្ពុជាចាំបាច់ទាញយកនូវកាលានុវត្តភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីមួយនេះ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)