(កំពត)៖ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាកគ្មានទីពឹង ១៤៤ គ្រួសារ យាយជីតាជីជាង ១០០នាក់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង២០០នាក់ និងស្ដារស្រះទឹកចំនួន២ ក្នុងវត្ដអង្គខ្ជាយ ស្ថិតនៅភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គជ័យ ខេត្តកំពត។
ពិធីនេះ បានធ្វើឡើងក្នុងឱកាសសម្ពោធសមិទ្ធផល កុដិក្នុងវត្ដអង្គខ្ជាយ ដែលមានបណ្ដោយ ១៧,៥ម៉ែត្រ ទទឹង ១០,៥ម៉ែត្រ ដែលចាប់ផ្ដើមកសាងសង់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ និងរួចរាល់ជាស្ថានពរនៅខែឧសភា ឆ្នាំ២០១៦នេះ។
លោកស្រី អ៊ុក ម៉ាលី បានសំណេះសំណាលជាមួយប្រជាពលរដ្ឋថា ក្នុងថ្ងៃពិធីបុណ្យពិសាខបូជា ដែលត្រូវប្រារព្ធឡើងចំថ្ងៃ១៥កើត ខែពិសាខជារៀងរាល់ឆ្នាំ ហើយបុណ្យពិសាខបូជា ថ្ងៃដែលព្រះសមាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វានផងដែរ ដូច្នេះតាមទំនៀមលាប់ខ្មែរយើង តែងតែធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅតាមទីវត្ដអារាមផងដែរ។
លោកស្រី ថ្លែងថា «ជាក់ស្ដែងខ្ញុំ និងក្រុមគ្រួសារទាំងអស់ ក៏បានប្រគេននូវទឹកប្រាក់ជាង៩លានរៀល សម្រាប់សងថ្លៃជាងក្នុងការកសាង នៅសមិទ្ឋផលកុដិថ្មីមួយខ្នង និងសម្ពោធប្រគេនជូនព្រះសង្ឃ និងសូមជួយស្តារនូវស្រះទឹកចាស់ប្រគេនព្រះសង្ឃ ចំនួន២ផងដែរ ដែលស្រះទី១ មានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹង ២៥ម៉ែត្រ និងស្រះទី២ បណ្ដោយ ២៧ម៉ែត្រ និងទទឹង៣០ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋនៅជុំវិញវត្ដបានទឹកប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ»។
លោកស្រី ថ្លែងបន្ដថា «ការខ្វះខាតទឹកនេះជាបញ្ហាដែលប្រឈមយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ ជាក់សែ្ដង នៅពេលនេះ ទោះមានភ្លៀងធ្លាក់ក៏នៅតាមកន្លែងនីមួយៗ ក៏នៅតែខ្វះខាតទឹកដដែល ដែលជាបញ្ហាមួយដ៏ធំ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្ដទុកដាក់ខ្ពស់ ហើយក៏បានអំពាវនាវឲ្យគ្រប់ស្ថាប័ន និងថ្នាក់ដឹកនាំទាំងអស់ត្រូវតែជីកស្រះ អណ្ដូង បន្ថែមទៀត និងស្ដារស្រះដែលរីងស្ងួត ឲ្យមានជម្រៅកាន់តែជ្រៅ ដើម្បីមានប្រភពទឹកកាន់តែច្រើន បន្ថែមទៀត ហើយព្រមទាំងដឹកទឹកស្អាតនិងទឹកប្រើប្រាស់ ជូនដល់ផ្ទះប្រជាពលរដ្ឋ នៅគ្រប់២៥ ខេត្ដក្រុងផងដែរ»។
គួរបញ្ជាក់ថា អំណោយ ដែលលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិកម្ពុជា ព្រមទាំងក្រុមគ្រួសារទាំងអស់ រួមមានរទេះជនពិការចំនួន៣គ្រឿង ,គ្រឿងឧបភោគបរិភោគរួមមានអង្ករ២២គីឡូ ត្រីខ ទឹកស៊ីអ៊ីវ មី ប៊ីចេង ស្ករស សារ៉ុង ក្រណាត់ស ទឹកបរិសុទ្ឋមួយធុង និងសម្ភារៈសិក្សា មួយចំនួនទៀតសំរាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិ្ស ជាង២០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន កាបូប ប៊ិច សៀវភៅ ខ្មៅដៃ និងថវិការមួយចំនួន៕