(ភ្នំពេញ)៖ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានរំពឹងថា កិច្ចប្រជុំកំពូល BRICS ដែលដឹកនាំដោយចិន នៅឆ្នាំ២០២២នេះ គឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មួយដែលមិនផ្អែកលើម៉ូដែលប្រទេសលោកខាងលិច ពោលគឺកាត់បន្ថយការការពារ ការដាក់របាំងការពារពាណិជ្ជកម្ម របស់ប្រទសលោកខាងលិចមានសហរដ្ឋអាមេរិកជាដើម ធ្វើឱ្យកើតបញ្ហាសម្រាប់ពិភពលោក ជាពិសេសទីផ្សារផលិតកម្មដែលចេញពីប្រទេសចិន។
លោកបណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ច បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២នេះថា ការដាក់របាំងពាណិជ្ជកម្មដែលកើតមាន ក្នុងជំនាន់លោកត្រាំអតីតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៩ បានធ្វើឱ្យមានឥទ្ធិពលអាក្រក់ដល់ សហគ្រាសនានាក្នុងពិភពលោក ហើយវា ក៏មានឥទ្ធិពលដល់អត្រាអតិផរណានៃសហរដ្ឋអាមេរិកផងដែរ។
លោកបណ្ឌិតបន្ថែមថា តាមម៉ូដែលថ្មី នៃពាណិជ្ជកម្ម រវាងប្រទេស BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ពោលប្រទេសទាំងអស់នេះគឺជាប្រទេសមានឧស្សាហកម្មរីកលូតលាស់ថ្មី អ៊ីចឹងពិភពលោក ត្រូវការទំនិញចេញពីប្រទេសទាំងអស់នេះជាការចាំបាច់។ កិច្ចសហប្រតិបត្តិការនេះ គឺជាបណ្តុះនៃតម្លៃបន្ថែមខ្សែច្រវាក់ផលិតកម្ម របស់ប្រទេសនីមួយៗ ។
លោកបន្តថា ការចូលរួម BRICSនេះ ជាការផ្លាស់ប្ដូររបបនៃសណ្តាប់ធ្នាប់ពិភពលោក ព្រោះថា កន្លងមកប្រទេសលោកខាងលិច ជាអ្នករៀបចំសណ្តាប់ធ្នាប់ពិភពលោក បើពួកគេចង់កាច់ចង្កូតពិភពលោកទៅណាស្រេចតែពួកគេ ជាពិសេសសហរដ្ឋអាមេរិក ។ តែបច្ចុប្បន្ន បើយើងក្រឡេកមើល មក BRICS ដែលមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺពិតជាមានផ្ទៃដីធំ និងប្រជាជនច្រើនជាងគេនៅលើសកលលោក។ អ៊ីចឹងកម្លាំងថ្មីរបស់ BRICS នេះ នឹងអាចធ្វើឱ្យមានការកែប្រែរបៀបរបប នៃការរៀបចំសណ្តាប់ធ្នាប់របស់ពិភពលោកឡើងវិញ។
លោកបណ្ឌិតយល់ឃើញថា BRICS និងកម្ពុជា ក្នុងន័យនយោបាយ យើងអាចភ្ជាប់គ្នាបាន ដោយសារតែកម្ពុជា ក៏ជាប្រទេសមានសំឡេងមួយ ក្នុងអង្គការសហប្រជាជាតិ និងក្នុងអាស៊ានផងដែរ។ ប៉ុន្តែបើយើងនិយាយពីការបូក ទៅលើចំនួនប្រជាជន និងសេដ្ឋកិច្ចវិញ កម្ពុជាមិនអាចស្មើនិង BRICS បានទេ ដោយសារតែផ្ទៃដីកម្ពុជាមានតូច មានផលិតកម្ម ក៏នៅតិចផងដែរ៕
អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន