(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញត្រឡប់មកដល់ ព្រលានយន្តហោះក្រុងភ្នំពេញវិញហើយ ក្រោយចាកចេញពីរុស្ស៊ីពីម្សិលមិញ ព្រមទាំងបានបញ្ចប់កិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនង អាស៊ាន-រុស្ស៊ី រយៈពេល៤ថ្ងៃ នាទីក្រុងសូឈី ប្រទេសរុស្ស៊ី ប្រកបដោយភាពជោគជ័យ។
សូមជំរាបថា ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី សម្តេចតេជោ បានឲ្យដឹងតាមរយៈ Facebook ថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីនេះ ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងមិត្តភាព និងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ដើម្បីសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងរួមគ្នាពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគ ឲ្យបានទូលំទូលាយដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងអស់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «នេះជាមោទនភាពរបស់កម្ពុជា ដែលមានមិត្តមហាអំណាចដ៏ល្អប្រកបដោយភាព ស្មោះត្រង់ដូចជារុស្ស៊ី ដែលបានជួយកម្ពុជា តាំងពេលមុនរហូត មកដល់ពេលនេះ ជាពិសេសជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា»៕