(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះមហាវីរៈរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រសិទ្ធពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានតុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត ៤មេសា ឆ្នាំ១៩៥១ ទៅថ្ងៃខែឆ្នាំកំណើតពិតប្រាកដ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។
តាមរយៈព្រះរាជសារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្តេចម៉ែមានព្រះបន្ទូលថា៖
ខ្ញុំមានហឫទ័យសោមនស្សរីករាយ ដោយបានទទួលលិខិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ តាមដីកាសម្រេចលេខ ៧៣៨ “ក” ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ខ្ញុំសូមសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និង ប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បី ជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក ក្នុងសង្គមជាតិ និងបានលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ ។
ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូម សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តម នៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងការអភិវឌ្ឍជាតិក្រោមម្លប់សន្តិភាព និងក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹង ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ តាមការស្នើសុំរបស់លោកមេធាវី គី តិច។ ក្នុងសាលក្រមនោះ បានសម្រេចប្តូរថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៦៕