(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ដំណែងលោក ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ ក្រោមឱវាទក្រសួងជាច្រើនរូប នៅទីស្តីការក្រសួង។
ថ្លែងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គុណបំណាច់របស់លោក ហ៊ុន សាន ដែលបានខិតខំប្រឹងប្រែងបម្រើការ ជូនក្រសួងសាធារណការ និងដឹកជញ្ជូន អស់រយៈពេលជាយូរកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិទាំងមូល។
បន្ទាប់ពីបានអាន និងប្រគល់ព្រះរាជក្រឹត្យជូនលោក ហ៊ុន សាន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ លោកទេសមន្ត្រី បានជូនកន្ត្រកផ្កា និងបានថ្លែងជូនពរសព្ទសាធុកាពរ ជូនចំពោះលោករដ្ឋលេខាធិការ ហ៊ុន សាន សូមឱ្យមានសុខភាពមាំមួន អាយុយឺនយូរជាម្លប់ដល់កូនចៅ គ្រួសារ និងមន្ត្រីក្រោមឱវាទ និងប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងពុទ្ធពរទាំង០៤ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ។
សូមជម្រាបជូនថា លោក ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលកន្លងមកលោកបានបម្រើការជាទីប្រឹក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈស្មើរដ្ឋលេខាធិការ។ ដោយយល់ឃើញពីការខិតខំប្រឹងប្រែង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់សំណើដ៏ខ្ពង់ខ្ពស់គោរព ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើសុំតែងតាំងលោក ហ៊ុន សាន ជារដ្ឋលេខាធិការរបស់ក្រសួង ដើម្បីតបស្នង នឹងកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនក្រសួង៕