(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន បានឯកភាពរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទីនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាម លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
លោក លុយ ដាវីត បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ឥឡូវនេះ យើងដូចជាបានឯកភាពគ្នាជាមួយប្រទេសអាស៊ានអស់ហើយ ធ្វើនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ (Physical)។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី»។
សូមជម្រាបថា ក្នុងភាពជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំសំខាន់ៗ ដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២។
ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក៏នឹងប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់ (Physical) ផងដែរ នៅរាជធានីភ្នំពេញ។ នេះបើតាមលោក លុយ ដាវីត៕