(អេហ្ស៊ីប)៖ នារីបម្រើការងារលើយន្តហោះមួយរូប ដែលស្ថិតនៅលើយន្តហោះអេហ្ស៊ីប EgyptAir flight MS804 ដែលបានធ្លាក់នោះ ត្រូវបានគេរកឃើញថា នាងធ្លាប់បង្ហោះរូបយន្តហោះធ្លាក់ចូល ក្នុងសមុទ្រ នៅលើ Facebook Account របស់នាងមុននឹងនាងចូលបម្រើការងារនេះជាផ្លូវការចំនួន ៤ខែ នេះបើតាមការចេញផ្សាយដោយ Dailymail របស់អង់គ្លេសនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦។
នារីអាកាសចរណ៍ខាងលើនេះមានវ័យ ២៧ឆ្នាំឈ្មោះ Samar Ezz Eldin បានបង្ហោះរូបភាពមួយ ចូលទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីខែកញ្ញា ឆ្នាំ២០១៤ មុន០៤ខែដែលនាងចូល បម្រើការងារនៅអាកាសចរណ៍អេហ្ស៊ីប ខាងលើនេះ។ រូបនោះបង្ហាញជាលក្ខណៈបែបស្តាយកម្សាន្ត ដោយនាងស្លៀកឯកសណ្ឋានអូតេះ និងទាញអូសវ៉ាលីចេញពីក្នុងទឹកសមុទ្រ អមដោយរូបយន្តហោះ ធ្លាក់លិចពាក់កណ្តាលក្នុងទឹក នៅពីខាងក្រោយខ្នង។
ការរកឃើញខាងលើនេះ អាចនាំឲ្យគេកើតការសង្ស័យតិចតួចបន្ថែមទៀតថា នារីអូតេះរូបនោះ ទំនងជាអាចពាក់ព័ន្ធនឹងអំពើភេរវកម្ម ឬជាចេតណាមួយដែលបង្កឲ្យយន្តហោះកើតបញ្ហា។ ដោយឡែកព័ត៌មានចុងក្រោយវិញ គឺក្រុមសង្គ្រោះនៅតែបន្តរុករកនៅតំបន់យន្តហោះធ្លាក់ដដែល។
ក្រុមទំនាក់ទំនងស្វ័យប្រវត្តិជាមួយយន្តហោះ EgyptAir flight MS804 បានឲ្យដឹងថា ពួកគេបានទទួលសារប្រកាសអាសន្នមួយពីយន្តហោះ តែប៉ុន្មាននាទីប៉ុណ្ណោះមុនវាបាត់ដំណឹង ដែលសារនោះ គឺបានបញ្ជាក់អំពើការបាត់បង់ភាពម្ចាស់ការ នៃប្រព័ន្ធគ្រប់គ្រងទាំងមូលលើយន្តហោះ ដោយទំនងមានការឆាបឆេះ ឬក៏អាចផ្ទុះត្រង់ចំណុចណាមួយមុនពេល ដែលវាបាត់ចេញពីប្រព័ន្ធរ៉ាដា៕