(បារាំង)៖ មន្ត្រីសុខាភិបាលបារាំង បានបញ្ជាក់ជាផ្លូវការថា មានអ្នកជំងឺម្នាក់បានស្លាប់ដោយសារពាក់ព័ន្ធនឹងជំងឺ Zika ហើយក៏ជាមនុស្សដំបូងគេបំផុតផងដែរ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មកាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា។
អ្នកជំងឺដែលស្លាប់ដោយសារជំងឺ Zika នេះ ត្រូវបានមន្ត្រីសុខាភិបាលបញ្ជាក់ថា មានអាយុ ៨៤ឆ្នាំ រស់នៅកោះ Martinique បានចូលសម្រាកនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ១០ថ្ងៃ ដោយទទួលបានការថែទាំងយ៉ាងយកចិត្តទុកដាក់បំផុត តែគួរឲ្យសោកស្ដាយ។ មន្ត្រីសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺបានស្លាប់ដោយសារពាក់ព័ន្ធនឹងជំងឺ Zika ដោយបានធ្វើឲ្យប្រព័ន្ធភាពស៊ាំ វាយប្រហារប្រព័ន្ធសរសៃប្រសាទ និងបណ្តាលឲ្យខ្សោយសាច់ដុំ ធ្វើឲ្យពិបាកដកដង្ហើម និងស្លាប់តែម្ដង។
គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីជូនដំណឹងថា ឥឡូវនេះជំងឺ Zika បានរីករាយដាលមកដល់តំបន់អាហ្វ្រិកហើយ ដោយក្នុងនោះតំបន់ Cape Verde នៃទ្វីបអាហ្វ្រិកមានការរីករាលដាល់ដំបូងរហូតដល់ទៅ ២០០ករណីឯណោះ ហើយស្របពេលជាមួយគ្នានោះដែរ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) របស់អាមេរិក បានបង្ហាញនូវរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺស្រ្តីមានផ្ទៃពោះនៅអាមេរិកប្រមាណ ១៥៧នាក់ បានឆ្លងមេរោគ Zika៕