(សៀមរាប)៖ ដោយសារភ្លើងប្រច័ណ្ឌ យុវជនម្នាក់បានសម្រេចចិត្តសម្លាប់គូស្នេហ៍ ក្នុងបន្ទប់ជួលគ្មានធម៌មេត្តា និងមិនអាល័យដល់គ្រាផ្អែមល្ហែមនឹងគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News តាមទូរសព្ទ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា ម្ចាស់ផ្ទះបានរាយការណ៍ពីការធំក្លិនស្អុយចេញពីបន្ទប់។ លុះពេលសមត្ថកិច្ចទៅពិនិត្យមើល ឃើញទ្វារបន្ទប់ចាក់សោរពីខាងក្រៅ ហើយនៅពេលគោះទ្វារឃើញក្នុងបន្ទប់បើកភ្លើងចោល លុះមើលតាមបង្អួចឃើញមានមនុស្សប្រុសម្នាក់ សមត្ថកិច្ចហៅក៏មិនឆ្លើយតប ហើយឱ្យបើក ក៏គេមិនព្រមបើក។
បន្ទាប់មកសមត្ថកិច្ច ក៏បានសហការជាមួយម្ចាស់ផ្ទះ គាស់ទ្វារបន្ទប់ចូល ហើយឃើញបុរសនោះដេកឱបសាកសពលើគ្រែ។ បន្ទាប់ពីឃើញបុរសនោះដេកឱបសាកសពលើគ្រែ សមត្ថកិច្ចបាននាំមកសួរនាំ។បុរសនោះ បានឆ្លើយថាគាត់ជាអ្នកសម្លាប់សង្សារ។ មូលហេតុត្រូវបានជនប្រព្រឹត្តសារភាពថា គាត់បានសម្លាប់ស្រ្តីជាសង្សារដោយសារភ្លើងប្រច័ណ្ឌ និងឈ្លោះគ្នា។
លោកវរសេនីយ៍ទោ ដា ចំរើន បានបន្តថា ជនសង្ស័យគឺមានគ្រួសាររួចហើយ ប៉ុន្តែគាត់លួចមានស្រីស្នេហ៍ និងរស់នៅបន្ទប់ជួលជាមួយគ្នា ហើយបានប្រច័ណ្ឌខាងស្រីថាមានប្រុសផ្សេង ក៏ឈ្លោះប្រតាយប្រតប់គ្នាហើយយកដៃគ្រៀកកខាងស្រីរហូតដល់ថប់ដង្ហើមស្លាប់។ ក្រោយស្លាប់ បុរសបង្កហេតុមិនបានចេញទៅណាទេ គឺនៅដេកឱបសាកសពលើគ្រែតាំងពីថ្ងៃទី២១ ខែមិថុនា មករហូតដល់សពហើមស្អុយ។
ជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ ចំណែកសពរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប កំពុងសួរនាំនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់៕