(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកងលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងមន្រ្តីក្រោមឱវាទ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន៤០គ្រួសារ ស្ថិតនៅច្រកផ្លូវ ២៨០កែង១៤៣ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដើម្បីទុកដោះស្រាយជីវភាពខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនៅចំពោះមុខនេះ។
ខណៈពេលនោះ បងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង៤០គ្រួសារខាងលើនោះ ពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្តដោយញញឹមសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃពីលោកស្រីអភិបាលរងខណ្ឌបឹងកេងកង សុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន និងសហការីផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីអភិបាលរងខណ្ឌបឹងកេងកង ស៊ិន រតនា បានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយគ្រាផងដែរ។
ជាមួយគ្នានេះលោកស្រី ស៊ិន រតនា បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមអោយបន្តមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។ នៅពេលនេះសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ឬដូសជម្រុញនៅតាមមណ្ឌលសុខភាពអោយបានគ្រប់ៗគ្នាផងដែរ។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា ដោយអំណោយរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ១០កញ្ចប់, ស្ករស ១គីឡូ, ត្រីខចំនួន ០២កំប៉ុង, ទឹកត្រី ១ដប និងជែល ២ដប៕