(តាកែវ)៖ ទីតាំងដាំកញ្ឆាចំនួន១០កន្លែង ដែលក្រុមជនខិលខូចលួចដាំនៅលើភ្នំ និងតាមជម្រាលភ្នំមួយចំនួន នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបើកប្រតិបត្តិការពេញមួយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ដោយចុះកាប់បំផ្លាញចោល។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ប្រតិបត្តិការចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្ត និងដោយមានការសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងខេត្តតាកែវ។ នៅក្នុងការប្រតិបត្តិការនេះ កងរាជអាវុធហត្ថខេត្ត បានចុះរុករកឃើញទីតាំងដាំកញ្ឆាខុសច្បាប់នៅត្រង់ចំណុចខាងកាប់ថ្មជ្រោះទួងទូង ស្ថិតនៅភូមិស្លា ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រោយពីកាប់បំផ្លាញរួចកម្លាំងជំនាញបានធ្វើការដុតបំផ្លាញកញ្ឆាចោលនៅនឹងកន្លែងទីតាំងផ្ទាល់តែម្ដង។
ចំពោះមុខសញ្ញាពាក់ព័ន្ធនៅពីក្រោយអ្នកដាំលួចដាំកញ្ឆាខុសច្បាប់ ត្រូវបានលោកមេបញ្ជាការ លើកឡើងថា កម្លាំងសម្ថកិច្ចកំពុងតែធ្វើការស្រាវរក។ លោកថ្លែងថា «លោកព្រះរាជអាជ្ញា បានដាក់គោលការណ៍ឲ្យសម្ថកិច្ចធ្វើការស្រាវជ្រាវម្ចាស់ទីតាំងចំការ និងអ្នកកាន់កាប់ដីអាស្រ័យផលជាពិសេសអ្នកនៅពីក្រោយ ដែលផ្ដល់ពូជកញ្ឆា និងផ្ដល់លុយ ដើម្បីធ្វើការចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យបាន»។
គួរបញ្ជាក់ថា ស្រុកគីរីវង់ ខេត្តតាកែវ គឺជាស្រុកមួយដែលល្បីល្បាញរឿងការលួចដាំកញ្ឆាខុសច្បាប់នៅលើភ្នំ និងតាមជួភ្នំជាច្រើនៅក្នុងស្រុកនេះ។ កន្លងមកបើទោះបីជាសម្ថកិច្ចចុះបង្រ្កាបយ៉ាងណា ក៏ការលួចដាំដំណាំខុសច្បាប់នេះ នៅតែបន្តឥតឈប់ឈ ស្ថានភាពបែបនេះ ត្រូវបានមតិប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការដាំកញ្ឆាខុសច្បាប់នេះ គឺមានការចាត់តាំងច្បាស់លាស់ និងមានអ្នកមានលុយកាក់នៅពីក្រោយដែលយកពូជ និងផ្ដល់លុយកាក់ឲ្យប្រជាពលរដ្ឋដាំឲ្យពួកគេ៕